(ភ្នំពេញ)៖ ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ «ឧត្តមភាពការងារសង្គមទូទៅ ល្អដាច់គេតំណាងប្រទេសកម្ពុជា» ពីកម្មវិធីប្រគល់រង្វាន់ការងារសង្គម សកលប្រចាំឆ្នាំ២០១៨ លើកទី១០ ដែលជាកម្មវិធីប្រគល់រង្វាន់ ការងារសង្គមល្បីបំផុតមួយ ក្នុងទ្វីបអាស៊ី ដែលបានធ្វើឡើងក្នុងពេលថ្មីៗនេះ ក្នុងទីក្រុង Lombok ប្រទេសឥណ្ឌូនេស៊ី។
ឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលកម្មវិធីប្រគល់រង្វាន់ការងារសង្គមសកលនេះ ទទួលស្គាល់និងផ្តល់រង្វាន់ ដល់ក្រុមហ៊ុនណា ដែលមានកម្មវិធីការងារសង្គមឆ្នើមដាច់គេ ការបន្តការងារសង្គម និងការផ្តល់ផលប្រយោជន៍ដល់អ្នក និងសហគមន៍ដែលជួបការលំបាក ព្រមទាំងអភិរក្សបរិស្ថាន ខណៈកំពុងប្រកបអាជីវកម្មរបស់ខ្លួន ។
នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «យើងមានកិត្តិយស ដែលបានទទួលពានរង្វាន់នេះ ដែលវាគឺជាស្នាដៃឆ្នើមមួយទៀត នៃការបន្តការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់សហគមន៍ និងជួយលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍»។
លោកថា «យើងជឿជាក់ថា គន្លឹះដើម្បីទទួលបានឧត្តមភាពការងារសង្គម គឺត្រូវអភិវឌ្ឍយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាព ពោលគឺយកចិត្តទុកដាក់ទៅលើសហគមន៍ បុគ្គលិក ម្ចាស់ភាគហ៊ុន និងប្រទេសកម្ពុជាទាំងមូល»។
រៀបចំដោយក្រុមហ៊ុន Pinnacle Group International ពានរង្វាន់ការងារសង្គមសកលនេះ បានក្លាយជាស្តង់ដារកំពូលរួមមួយ នៅក្នុងចំណោមសហគមន៍ជាច្រើន។ ក្នុងចំណោមក្រុមហ៊ុនជាង៣០០ មានក្រុមហ៊ុនចំនួន ៦០ ប៉ុណ្ណោះ ដែលបានឈ្នះពានរង្វាន់លំដាប់កំពូលនេះ ក្នុងប្រភេទពាន១០ផ្សេងៗគ្នា ។
អ្នកដែលប្រគល់ពានរង្វាន់ គឺអ្នកស្រី Kurleni Ukar ដែលជានាយករង នៃនាយកដ្ឋានឧស្សាហកម្ម និងបញ្ញត្តនៃក្រសួងទេសចរណ៍ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ពានរង្វាន់នេះ គឺទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ ណាហ្គាវើលដ៍ ដែលបានអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងកសាងប្រទេសកម្ពុជា។
កម្មវិធីការងារសង្គមរបស់ណាហ្គាវើលដ៍ ផ្តោតលើសសរស្តម្ភធំៗចំនួន៤ គឺ អភិវឌ្ឍវិស័យអប់រំ ចុះជួយតាមសហគមន៍ អភិវឌ្ឍវិស័យកីឡា និងអភិរក្សបរិស្ថាន។ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស បានបង្កើត ឡើងក្នុងឆ្នាំ២០១៤ ដោយបុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍ បានចូលរួមធ្វើឲ្យបរិយាកាសសិក្សាកាន់តែប្រសើរឡើង និងបានឧបត្ថម្ភសម្ភារសិក្សា ដល់សិស្សានុសិស្សជាង ១៥២,០០០នាក់ នៅតាមសាលារៀន ជាង១០០ នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។
លើសពីនេះទៅទៀត ណាហ្គាវើលដ៍ បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy ក្នុងឆ្នាំ២០១២ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដែលកន្លងមកមជ្ឈមណ្ឌលនេះ បានផ្តល់ផលប្រយោជន៍ដល់យុវជន-យុវនារី កម្ពុជាជាង២,៥០០នាក់។
កម្មវិធីការងារសង្គម ដែលកំពុងបន្តផ្សេងទៀត រួមមានការលើកកម្ពស់ការយល់ដឹង ស្តីអំពីសុវត្ថិភាពអគ្គិភ័យ ដល់សិស្សានុសិស្ស ផ្តល់ឱកាសដល់យុវជនកម្ពុជា តាមរយៈក្លឹបបាល់ទាត់ណាហ្គាវើលដ៍ និងអភិវឌ្ឍវិស័យ កីឡាជាតិតាមរយៈការសហការ ជាមួយគណកម្មាធិកាជាតិអូឡាំពិកកម្ពុជា ក៏ដូចជាលើកកម្ពស់ការយល់ដឹង ស្តីអំពីបរិស្ថានតាមរយៈយុទ្ធនាការ ៣R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ)៕
ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមឆ្នើម ប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៨
ការចុះជួយកុមារកម្ពុជា នៅតាមសហគមន៍
មជ្ឈមណ្ឌល Naga Academy ផ្តល់ការបណ្តុះបណ្តាលដល់យុវជន-យុវនារីកម្ពុជា