(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអះអាងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាគំរាមកំហែងយ៉ាងពិតប្រាកដ ប្រសិនបើយើងមិនគិតគូរពីបញ្ហានេះទេ នោះឥទ្ធិពល និងផលប៉ះពាល់របស់វា លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នឹងកាន់តែធ្ងន់ធ្ងរឡើង។
ការអះអាងយ៉ាងដូច្នេះ របស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងសន្និសីទ ស្តីពី ការធ្វើសមាហរណកម្មផែនការ នៃការចូលរួមចំណែករបស់ភាគីរដ្ឋ ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ (UN) ស្តីពីការប្រែប្រួល អាកាសធាតុ នៅក្នុងផែនការអភិវឌ្ឍន៍ជាតិ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា «ការប្រែប្រួលអាកាសធាតុ ជាមូលដ្ឋានជំរុញឲ្យយើងកែទម្រង់ការអភិវឌ្ឍ ដែលយើងចាំបាច់ក្នុងការពន្លឿន កំណើនសេដ្ឋកិច្ច ភាពធន់ និងធ្វើឲ្យប្រសើរឡើង នូវសុខុមាភាពរបស់ប្រជាជនយើង»។
ជាមួយគ្នានោះ លោក អ៊ាង សុផល្លែត ក៏បានលើកឧទារហណ៍ខ្លះៗ ដែលមិនចាំបាច់ជ្រើសរើស រវាងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការបង្កើនសេដ្ឋកិច្ចនោះទេ ពីព្រោះផ្នែកទាំងពីរនេះ វានឹងដោះស្រាយ ព្រមគ្នាតែម្ដងដូចជា៖
* ការវិនិយោគលើសង្គម និងវិស័យអប់រំ
* ពង្រឹងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ
* ការពារសុខុមាភាព និងផលិតភាពពលកម្មរបស់កម្មករ ព្រមទាំងបង្កើតឱកាសការងារថ្មីៗបន្ថែម
* អភិវឌ្ឍបច្ចេកវិទ្យាទំនើបជាងមុខ ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម
* ការសន្សំសំចៃថ្លៃចំណាយលើថាមពលអគ្គិសនី តាមរយៈការធ្វើឲ្យប្រសើរឡើងនៃប្រសិទ្ធភាពថាមពល និងថាមពលកើតឡើងវិញ
* លើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព ក្នុងចង្វាក់ផ្គត់ផ្គង់ជាដើម -ល-។
លោកបានលើកឡើងថា ការសិក្សាស្រាវជ្រាវថ្មីៗនេះ ក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បង្ហាញថា ផលិតផលក្នុងស្រុកសរុប ក្នុងមនុស្សម្នាក់ (GDP) របស់កម្ពុជា នឹងកើនប្រមាណជាង៩,០០០ដុល្លារ ករណីគ្មានការប្រែប្រួលអាកាសធាតុ ប៉ុន្ដែប្រសិនបើមានការប្រែប្រួលអាកាសធាតុវិញនោះ GDP របស់កម្ពុជានឹងកើនក្នុងរង្វង់ ជាង៨,០០០ដុល្លារប៉ុណ្ណោះ។
លោកបន្ដថា ថ្វីត្បិតប្រទេសកម្ពុជាជាប្រទេស ដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុត ប៉ុន្ដែកម្ពុជា គឺជាប្រទេសដែលងាយរងគ្រោះមួយ ពីការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលអវិជ្ជមាន បានដល់សេដ្ឋកិច្ចសង្គម របស់កម្ពុជា រួមមាន៖ ធនធានទឹក កសិកម្ម សុខាភិបាល ទេសចរណ៍ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បញ្ជាក់ផងដែរថា អ្នកធ្វើការ នៅក្នុងវិស័យទាំងអស់នេះ នឹងងាយរងគ្រោះខ្ពស់បំផុត ពីការកើនឡើងកម្ដៅ។ វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់ ខ្យល់ព្យុះ និងរាំងស្ងួត។
សូមជម្រាបថា សន្និសីទខាងលើនេះ ផ្តោតទៅលើការបែងចែករំលែកព័ត៌មាន ទី១៖ អំពីទំនាក់ទំនងរវាងការប្តេជ្ញាចិត្ត អនុវត្តយុទ្ធសាស្ត្រ ការប្រែប្រួលអាកាសធាតុ និងកំណើនសេដ្ឋកិច្ច, ទី២៖ អំពីការចូលរួមរបស់រដ្ឋភាគី ក្នុងការអនុវត្តអនុសញ្ញា និងគោលដៅអភិវឌ្ឍន៍ចីរភាព និងទី៣៖ ឱកាសសម្រាប់សមាហរណកម្ម ការរួមចំណែករបស់រដ្ឋភាគី ក្នុងការអនុវត្តអនុសញ្ញាទៅក្នុងផែនការអភិវឌ្ឍន៍គ្រប់កម្រិតក្នុងប្រទេសកម្ពុជា៕