(ភ្នំពេញ)៖ ដោយឃើញពីការរីកចម្រើន ប្រកបដោយគុណភាព របស់គម្រោងនគរបាល និងសហគមន៍ បន្ទាប់ពីបានដាក់ឲ្យអនុវត្តជំហ៊ានដំបូងនៅខេត្ដចំនួន៣ កាលពីពាក់កណ្ដាលឆ្នាំ២០១៦នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យពង្រីកគម្រោងនគរបាល និងសហគមន៍នៅទូទាំងប្រទេសតែម្ដង ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការបង្ការ និងទប់ស្កាត់បទល្មើស នៅក្នុងមូលដ្ឋាន។
នេះបើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្នុងការដឹកនាំ និងការអនុវត្តការងារនគរបាល និងសហគមន៍ទូទាំងប្រទេស ដំណាក់កាលដំបូង ត្រីមាសទី១ ឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ គម្រោងនគរបាល និងសហគមន៍នេះ គឺជាការឧបត្ថម្ភគាំទ្រ ពីសំណាក់រដ្ឋាភិបាលប្រទេសអូស្ដ្រាលី ដើម្បីជួយឲ្យមន្ដ្រីនគរបាលប៉ុស្ដិ៍ ចេះពីនីតិវិធីនេះការធ្វើការ បង្ខិតនគរបាលឲ្យទៅជិតប្រជាពលរដ្ឋ និងសហការល្អជាមួយមេភូមិ មេឃុំ ចៅសង្កាត់ ដើម្បីរួមគ្នាជាកម្លាំងពិភាក្សាជាគំនិត រៀបចំផែនការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមសហគមន៍។
នាយឧត្តមសេនីយ៍អគ្គស្នងការរងបានបញ្ជាក់ថា «គម្រោងនេះជំហ៊ានដំបូងបានអនុវត្តនៅខេត្តចំនួន៣ នៅខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តព្រៃវែង ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៦មក។ មកចុងឆ្នាំ២០១៧ សម្ដេចក្រឡាហោម ស ខេង មើលឃើញថា ការអនុវត្តនៅ៣ខេត្តកន្លងមកនេះ ទទួលបានលទ្ធផលល្អ ហើយជាកិច្ចការសាមញ្ញដែលឲ្យនគរបាលធ្វើកិច្ចការបានល្អ ជាមួយសហគមន៍ ដូច្នេះបានសម្ដេចបានប្រកាសឲ្យអនុវត្តទូទាំងប្រទេសតែម្ដង»។
សម្រាប់លទ្ធផលអនុវត្តរយៈពេល៣ខែ នៅទូទាំងប្រទេសនេះ ត្រូវបាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ឲ្យដឹងថា គម្រោងនេះមានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និងមានការសហការល្អជាមួយមេភូមិមេឃុំ ចៅសង្កាត់ ព្រមទាំងអង្គការសង្គមស៊ីវិលមួយចំនួន នៅក្នុងមូលដ្ឋាន ដើម្បីចូលរួមគ្នាបង្ការ និងទប់ស្កាត់បទល្មើស ហើយបទល្មើសមានការថយចុះគួរឲ្យកត់សម្គាល់។
បើតាមនាយឧត្តមសេនីយ៍ សម្រាប់ឃុំសង្កាត់ ដែលមានបទល្មើសកើតឡើង គឺកម្លាំងនគរបាលបានបង្ក្រាបដោយមានប្រសិទ្ធភាពផងដែរ ដោយសារប្រជាពលរដ្ឋចូលរួមប្រាប់ព័ត៌មាន និងឲ្យតម្រុយមកសមត្ថកិច្ចជាដើម។
សូមជម្រាបថា គម្រោងនគរបាល និងសហគមន៍ (CPI) ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ដ្រាលីនេះ មានរយៈពេល៣ឆ្នាំ ដោយបានអនុវត្តតាំងពី ពាក់កណ្ដាលឆ្នាំ២០១៦ ក្រោមទឹកប្រាក់ប្រមាណ៤លានដុល្លារអូស្ដ្រាលី ដែលគម្រោងនេះមិនផ្ដោតទៅលើការទិញសម្ភារ ឬឧបករណ៍អ្វីនោះទេ ដោយផ្ដោតទៅលើការដឹកនាំ ការបង្រៀន ការបើកវគ្គបណ្ដុះបណ្ដាលជាដើម៕