(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃមុននេះ ដំណឹងនៃការលុបចោលគម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងនឹងបង្កើតឡើង នៅលើទឹកដីខេត្តកណ្តាលនោះ បានធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលជាខ្លាំង រហូតដល់អ្នកខ្លះសម្រេចចិត្តលក់ដី នៅតំបន់នោះក្នុងតម្លៃឡៃឡុងក៏មាន។
ប៉ុន្តែព័ត៌មាននេះ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានច្រានចោលវិញថា ជាព័ត៌មានមិនពិតឡើយ ព្រោះគម្រោងព្រលានយន្តហោះ គឺទាមទារពេលវេលាដើម្បីសិក្សាសុីជម្រៅ (លើដី ក្រោមដី និង អាកាស...) រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល និង ក្រុមហ៊ុនដៃគូ OCIC កំពុងតែឆ្ងល់ដែរ ពីប្រភពព័ត៌មាន ដែលលើកឡើងស្តី ពីការលុប ឬដូរទីតាំងគម្រោងនេះ?។
ជាដំណឹងថ្មីមួយទៀត នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា តាមព័ត៌មានដែលខ្លួនទទួលបាន ពីក្រុមហ៊ុនវិនិយោគ សាងសង់ព្រលានយន្តហោះថ្មីនេះ គឺបញ្ជាក់ថា គម្រោងនេះមិនទុកពេលយូររហូតដល់ឆ្នាំ២០២៥ ទើបចាប់ផ្តើមទេ គឺអាចនឹងចាប់ផ្តើមដំណាក់កាលដំបូង នៅឆ្នាំ២០១៩។
លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើពុំមានបញ្ហា និងឧបសគ្គអ្វីជាដុំកំភួនទេនោះ ដំណាក់ការដំបូងនៃគម្រោងការនេះ នឹងងអាចចាប់ផ្តើម នៅក្នុងឆ្នាំ២០១៩ខាមុខនេះ»។
គួររំឮកថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិនផងដែរ។
ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។
ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។
ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះធំ និងទំនើបជាងគេនៅតំបន់អាស៊ី ឲ្យទំនើបជាងព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ និងព្រលានយន្តហោះរបស់សិង្ហបុរី៕