(ភ្នំពេញ)៖ ស្របពេលកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) កំពុងរីកចម្រើន និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងយុវជន ថ្នាក់ដឹកនាំសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជំរុញឲ្យក្លឹប និងក្រុមហ៊ុននានា រៀបចំការប្រកួតផ្សេងៗឲ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាទំនើបមួយនេះឲ្យកាន់តែខ្លាំង និងបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្នុងការប្រកួតលើឆាកអន្ដរជាតិនានា។ នេះបើតាមការលើកឡើងរបស់លោក ជា ច័ន្ទបូរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតពានរង្វាន់ DEW Gaming 2018 (Dota 02) ដែលរៀបចំឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន វេសថិច មេឌា លីមីធីត កាលពីម្សិលមិញ។ លោកថា កីឡា E-Sport មិនត្រឹមតែរីកចម្រើនក្នុងស្រុកនោះទេ ពោលគឺថែមទាំងជាមុខសញ្ញារបស់អន្ដរជាតិផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗមានកីឡាករ Dota 02 ម្នាក់ គឺយុវជន អ៊ូ ម៉េង ត្រូវបានក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង ទិញយកទៅលេងឲ្យក្រុមអាជីពរបស់ពួកគេ ជាមួយនឹងប្រាក់ខែដ៏ច្រើនទៀតផង។
លោក ជា ច័ន្ទបូរិបូរណ៍ បានថ្លែងថា «យើងចង់ជំរុញក្លឹប និងក្រុមហ៊ុននានា ដែលមានលទ្ធភាពបង្កើតការប្រកួតលើវិញ្ញាសាកីឡាអេឡិចត្រូនិកផ្សេងៗគ្នាឲ្យបានច្រើន ហើយសហព័ន្ធនឹងចូលរួមសហការ និងគាំទ្រជានិច្ច ដើម្បីជំរុញវិស័យកីឡា E-Sport កាន់តែរីកចម្រើន និងផុលផុស ហើយដើម្បីបញ្ជ្រាបលើការយល់ច្រឡំ ដែលប្រជាពលរដ្ឋខ្លះច្រឡំថា កីឡា E-Sport គឺជាហ្គេម ឬល្បែងស៊ីសង តែតាមពិត E-Sport គឺជាប្រភេទកីឡាអេឡិចត្រូនិក ដែលមានការប្រកួតប្រជែងដោយប្រើបញ្ញាស្មារតីខ្ពស់បំផុត»។
ក្រឡេកមកចាប់អារម្មណ៍ការប្រកួត DEW Gaming 2018 វិញ គឺបែងចែកជា ៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ បានបញ្ចប់ហើយ ដែលធ្វើឡើងកាលពីដើមខែឧសភា។ រីឯដំណាក់កាលទី២ គ្រោងធ្វើឡើងនាថ្ងៃទី១៥-១៦ ខែកញ្ញាខាងមុខ ដើម្បីចម្រាញ់រកក្រុមខ្លាំង ៨ក្រុមឡើងទៅប្រកួតដំណាក់កាលទី៣ ឬវគ្គផ្ដាច់ព្រ័ត្រ នៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។ ប៉ុន្ដែអ្វីដែលគួរឲ្យអបអរគឺក្រុម Xit Woundz ដែលដណ្ដើមបានលេខ១ ក្នុងដំណាក់កាលទី១ ត្រូវបានសហព័ន្ធសម្រេចបញ្ជូនទៅប្រកួតជម្រុះ MPGL Asian Championship Season1 2018។
ចំណែកលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ផងដែរថា ដោយសារការប្រកួតជម្រុះ គ្រោងធ្វើឡើងឆាប់ៗ គ្រាដែលជុំផ្ដាច់ព្រ័ត្រ MPGL Asian Championship Season1 ត្រៀមធ្វើនាខែកក្កដាផងនោះ ទើបសហព័ន្ធសម្រេចបញ្ជូនក្រុម Xit Woundz ទៅចូលរួមតែម្ដង។ ប៉ុន្ដែមុនឈានដល់ជុំផ្ដាច់ព្រ័ត្រក្រុមតំណាងកម្ពុជា ត្រូវធ្វើការប្រកួតជម្រុះ Group Stage Online ជាមួយក្រុមខ្លាំង ៩ប្រទេសរួមមានក្រុមតំណាងមីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម ឡាវ ម៉ាឡេស៊ី អូស្រ្ដាលី ហ្វីលីពីន ឥណ្ឌា និងថៃ។ បន្ទាប់មកទើបរកក្រុមខ្លាំង ៣ក្រុមឡើងប្រកួតជុំផ្ដាច់ព្រ័ត្រជាមួយក្រុមមកពីចិន ១ក្រុមទៀត នៅលើទឹកដីថៃ នាខែកក្កដាខាងមុខ៕