(ភ្នំពេញ)៖ កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះ។
ក្រសួងការបរទេស បានអះអាងថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលកម្ពុជា នៅក្នុងស្មារតីលើកតម្កើងកិត្យានុភាព និងកិត្តិយសជាតិ នៅលើឆាកអន្តរជាតិ បានដាក់បេក្ខភាពកម្ពុជាជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅខែមករា ឆ្នាំ២០១៧។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ បេក្ខភាពរបស់ព្រះរាជាណាក្រកម្ពុជា និងប្រទេសចំនួនបួនផ្សេងទៀត ទទួលបានការគាំទ្រជាផ្លូវការ ដោយប្រទេសនៃក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាអនុប្រធាននៃមហា សន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។
ក្រសួងការបរទេស បានបន្តទៀតថា ក្នុងឋានៈជាអនុប្រធាននៃមហាសន្និបាត អង្គការសហប្រជាជាតិ កម្ពុជាអាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើរបស់ប្រធាន។ លើសពីនេះទៀត កម្ពុជាក៏នឹងក្លាយជាសមាជិក នៃគណៈកម្មាធិការទូទៅ ដែលមានមុខងារដូចជាពិនិត្យរបៀបវារៈបណ្តោះអាសន្ន និងបញ្ជីបន្ថែមចំនុចពិភាក្សា ផ្តល់អនុសាសន៍ដល់មហាសន្និបាត និងជួយដល់ប្រធាននិងមហាសន្និបាតក្នុងការរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គនីមួយៗ ហើយនិងក្នុងការងារទូទៅរបស់មហាសន្និបាត។
គួរកត់សម្គាល់ដែរថា ព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានជ្រើសតាំងលើកដំបូង ជាអនុប្រធាននៃសម័យប្រជុំមហាសន្និ-បាតអង្គការសហប្រជាជាតិលើកទី៥៦ អាណត្តិឆ្នាំ ២០០១-២០០២ផងដែរ៕