(ព្រៃវែង)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំចាយមារ សហការជាមួយកម្លាំងប្រជាការពារភូមិ ដេញស្ទាក់ចាប់ឃាត់ខ្លួនបាន ពាក់ពន្ធ័ករណីធ្វើសកម្មភាពឆក់ខ្សែ.កពីនារីម្នាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសង្កែ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។
យោងតាមនគរបាលស្រុកកំចាយមា បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ម៉េត ដែន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងចង្ហឹត ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះឈ្មោះ រុន ស្រីវ៉ាត អាយុ១៨ឆ្នាំ រស់នៅភូមិឧបម៉ា ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។
នគរបាលដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងនៅលើដងផ្លូវ ស្រាប់តែមានជនសង្ស័យជិះម៉ូតូម្នាក់ឯងដូចគ្នា មកកៀករួចធ្វើសកម្មភាព ឆក់ខ្សែកមាសទម្ងន់៤.៥ជីពីនារីរងគ្រោះរួចជិះម៉ូតូរត់ តែត្រូវនារីរងគ្រោះប្តឹងសមត្ថកិច្ច ភ្លាមនោះកម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាការពារភូមិ ដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង។ ក្រោយសមត្ថកិច្ចឃាត់ខ្លួន បានដកហូតបានវត្ថុតាងមធ្យោបាយម៉ូតូ សម្រាប់ធ្វើសកម្មភាព១គ្រឿង និងខ្សែកមាស១ខ្សែ ១ខ្សែជារបស់ នារីរងគ្រោះ។
នគរបាលដដែលបានបន្ថែមថា បន្ទាប់ពីសាកសួររួចជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលស៊ាងឃ្វាង កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធី៕