(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជានគរបាលការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ដោយអនុវត្តទោសត្រឹម៦ខែក្នុងពន្ធនាគារ ទោសនៅសល់ត្រូវព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន៤លានរៀលចូលជាថវិការដ្ឋ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ អឿន ចំណាន ភេទប្រុស ជាមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា របស់សាលារាជធានីភ្នំពេញ និងបទ ប្រើប្រាស់ដោយគ្មានសិទ្ធិ នូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណ: ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា២១៧ មាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅជនជាប់ចោទ ឈ្មោះ សៅ បញ្ញ បានឆ្លើយថា មូលហេតុដែលខ្លួន ទៅវាយទាត់ធាក់ជនរងគ្រោះ ព្រោះចង់ជម្រះបញ្ជីចាស់ ដែលមានទំនាស់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ មុនថ្ងៃកើតហេតុមួយថ្ងៃ។
នៅក្នុងសវនាការជនរងគ្រោះ មិនបានទាមទារសំណងអ្វីទៀតទេ ដោយសារតែទទួលសំណងក្រៅប្រព័ន្ធតុលាការ និងដកពាក្យបណ្តឹងរួចហើយ។
គួររំលឹកថា លោក ពេជ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាប់ចោទខាងលើកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទខាងលើ ក្រោយពេលមានការបែកធ្លាយនូវវីដេអូ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលជននេះបានធាក់ជនរងគ្រោះចំកណ្តាលដើមទ្រូងប៉ើងទៅក្រោយ និងបានជេរប្រមាថ គំរាមកំហែងជនរងគ្រោះថែមទៀតផង។
សមត្ថកិច្ចបានឲ្យដឹងថា ដើមចមដែលឈានដល់ការប្រើហិង្សាលើជនរងគ្រោះ គឺព្រោះតែជនរងគ្រោះបាន អនុវត្តច្បាប់ចរចរណ៍ ប៉ុន្តែការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេះ ត្រូវបានលោកស័ក្តិ៤ សៅ បញ្ញា ជាម្ចាស់រថយន្ត ម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍នោះ បញ្ជាឲ្យលត់ជង្គង់សុំទោស និងធាក់មួយជើងចំកណ្តាលដើមទ្រូង ផ្ងារទៅក្រោយ ថែមទាំងបានជេរប្រមាថគំរាមកំហែង៕