(ភ្នំពេញ)៖ ការអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការងារ ត្រូវបានលើកដៃគាំទ្រដោយសមាជិកសភាចំនួន១០៧រូប ក្នុងចំណោម១០៩រូប ដែលចូលរួម នៅវេលាម៉ោងជាង១០៖០០នាទី ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៥ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
ច្បាប់ស្តីពីការងារនេះ ត្រូវបានរៀបចំធ្វើវិសោធនកម្ម ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែប្រែងត្រង់មាត្រា៨៧ ចំណងជើងចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ ជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានថ្លែងថា វិសោធនកម្មច្បាប់ស្ដីពីការងារ បានកំណត់ឲ្យបណ្តារោងចក្រនានា ត្រូវដោះស្រាយប្រាក់អតីតភាពការងារជូនកម្មករ-កម្មការិនី ៦ខែម្ដង ដើម្បីចៀសវាងបញ្ហាថៅកែរត់ចោលរោងចក្រ គេចពីការទទួលខុសត្រូវលើប្រាក់អតីតភាពរបស់កម្មករ។
បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺគោលបំណងសេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្ដីពីការងារនាពេលនេះ ត្រូវបានរៀបចំឡើងដើម្បីកែរសម្រួលបញ្ញត្តិមាត្រា៨៩ ស្ដីពីការទូទាត់ប្រាក់បំណាច់បណ្ដេញចេញ និងមាត្រាពាក់ព័ន្ធនៃច្បាប់ស្ដីពីការងារ ក្នុងគោលបំណងរក្សាផលប្រយោជន៍ជូនកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល ដូចខាងក្រោម៖
* បង្ការហានិភ័យរបស់កម្មករនិយោជិត ជាពិសេសក្នុងករណីរោងចក្រ សហគ្រាសបិទទ្វារ ដោយម្ចាស់រត់ចោល ដោយទទួលបានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ជារៀងរាល់៦ខែម្ដង ផ្អែកតាមអតីតភាពការងារ ដោយមិនមានកំណត់កម្រិតអតិបរមា នៃប្រាក់បំណាច់អតីតភាពការងារ បើទោះបីជាកម្មករនិយោជិតត្រូវបានបញ្ឈប់ ឬលាឈប់ពីការងារ
* សម្រាលបន្ទុកនិយោជកក្នុងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ជៀសវាងការរក្សាទុកប្រាក់បំណាច់អតីតភាពរហូតដល់ពេលបញ្ឈប់កិច្ចសន្យា
* លើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាកើទំនងវិជ្ជាជីវៈ ដោយកាត់បន្ថយការតវ៉ាទាមទារការទូទាត់ប្រាក់បំណាច់ផ្សេងៗ ក៏ដូចជាការកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមដោះស្រាយជំនួសម្ចាស់រោងចក្រ សហគ្រាស ក្នុងករណីម្ចាស់រោងចក្រ សហគ្រាសរត់ចោលកម្មករនិយោជិត ជាយថាហេតុ៕