(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរិទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា គ.ស២០១៨នេះ បានដឹកនាំសហការីចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការទី៣នៃព្រឹទ្ធសភា រួមជាមួយ លោក លោកស្រីជាប្រធាន អនុប្រធាន និងជាសមាជិកនៃ គណៈកម្មការទី៣ នៃព្រឹទ្ធសភាដែលដឹកនាំដោយលោក ម៉ុង ឬទ្ធី លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងបង្កើតអង្គការ សហប្រតិបត្តិការព្រៃឈើអាស៊ី។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គការសហប្រតិបត្ដិការព្រៃឈើអាស៊ី ដែលចែកចេញជា៣មាត្រា ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេង មានចំនួន១១២ នៅក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតអង្គការ សហប្រតិបត្តិការព្រៃឈើអាស៊ី គឺអាចចាត់ទុកថាជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍន៏ធនធានព្រៃឈើប្រកបដោយនិរន្តរភាពក្នុងក្រប ខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលលើវិស័យព្រៃឈើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ជូនថា កិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ដែលហៅកាត់ថា អាហ្វូកូ (AFoCO : Asian Forest Cooperation Organization) ត្រូវបានបង្កើតទ្បើងក្រោមរូបភាពជាអង្គការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការវិស័យព្រៃឈើក្នុងតំបន់ តាមរយៈការបម្លែងគោលនយោបាយ និងបច្ចេកវិទ្យាឲ្យទៅជាសកម្មភាពជាក់ ស្តែងក្រោមបរិបទនៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយផលប៉ះពាល់អំពីការប្រែប្រួល អាកាសធាតុ ដោយមានទីស្នាក់ការកណ្តាលរបស់អង្គការអាហ្វូកូ និងលេខាធិការដ្ឋានមានទីតាំងស្ថិតនៅក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ។
មកដល់បច្ចុប្បន្ននេះ មានប្រទេសចំនួន ១០ បានចុះហត្ថលេខារួចហើយលើកិច្ចព្រម ព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ីនេះ ក្នុងនោះរួមមាន៖ (១)សាធារណរដ្ឋកូរ៉េ (២)សាធា រណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត (៣)សាធារណរដ្ឋឥណ្ឌូណេស៊ី (៤)រាជាណាចក្រប៊ូតង់ (៥)សាធារណរដ្ឋសង្គមនិយមវៀតណាម (៦)ព្រះរាជាណាចក្រកម្ពុជា (៧)រាជាណាចក្រព្រុយណេ (៨)សាធារណរដ្ឋសហព័ន្ធ មីយ៉ាន់ម៉ា (៩)ប្រទេសម៉ុងហ្គោលី និង (១០)សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូមជម្រាបជូនផងដែរថា ក្នុងចំណោមប្រទេសហត្ថលេខីទាំង១០ខាងលើ មានប្រទេសចំនួន៥បានដាក់ តម្កល់នូវលិខិតូបករណ៍នៃការផ្តល់សច្ចាប័នរួចហើយ ក្នុងនោះរួមមាន ៖ (១)សាធារណរដ្ឋកូរ៉េ (២)សាធារណ រដ្ឋសង្គមនិយមវៀតណាម (៣)សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (៤)រាជាណាចក្រប៊ូតង់ និង(៥)សាធា រណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា៕