(ភ្នំពេញ)៖ គិតត្រឹមម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទាំងស្រុងហើយ ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលជារបៀបវារៈទី១ ក្នុងចំណោមរបៀបវារៈ៣ ដែលបានដាក់ឱ្យកិច្ចប្រជុំពេញអង្គរដ្ឋសភា អនុម័តនៅថ្ងៃនេះ។
សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។ គោលបំណងច្បាប់នេះ គឺលើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតភាពរបស់កម្មករនិយោជិត និងជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរប្រកបដោយភាពទាក់ទាញ។
បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ច្បាប់នេះមានវិសាលភាពគ្របដណ្ដប់លើសសហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ។
សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌគតិយុត្ត ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។
ការបង្កើតឲ្យមានក្របខ័ណ្ឌគតិយុត្តមួយច្បាស់លាស់ ដើម្បីធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ក្នុងការធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគ៕