Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ស៊ុយអែត បើកសន្និសីទ ស្តីពីការធ្វើសមាហរណកម្មផែនការ អំពីការចូលរួមចំណែករបស់ភាគីរដ្ឋ ក្នុងការអនុវត្តអនុសញ្ញា UN ស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងផែនការអភិវឌ្ឍជាតិ

07-06-2018 09:28

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងរដ្ឋាភិបាលស៊ុយអែត នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានសហការរៀបចំសន្និសីទ ស្តីពី ការធ្វើសមាហរណកម្មផែនការ អំពីការចូលរួមចំណែករបស់ភាគីរដ្ឋ ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ (UN) ស្តីពីការប្រែប្រួល អាកាសធាតុ នៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ក្រោមប្រធានបទ «ទម្លាប់ប្រតិបត្តិល្អៗ នៅថ្នាក់អន្តរជាតិ និងទិសដៅសម្រាប់ប្រទេសកម្ពុជា»។

សន្និសីទនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, លោកស្រី Maria Sargren ឯកអគ្គរាជទូត នៃប្រទេសស៊ុយអែត និងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិន អ្នកពិភាក្សា និងអ្នកពាក់ព័ន្ធប្រមាណ១២០នាក់ មកពីស្ថាប័នសំខាន់ៗ នៅក្នុងតំបន់អង្គការអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិលផងដែរ។

សន្និសីទនេះ ផ្តោតទៅលើការបែងចែករំលែកព័ត៌មាន ទី១៖ អំពីទំនាក់ទំនងរវាងការប្តេជ្ញាចិត្ត អនុវត្តយុទ្ធសាស្ត្រ ការប្រែប្រួលអាកាសធាតុ និងកំណើនសេដ្ឋកិច្ច, ទី២៖ អំពីការចូលរួមរបស់រដ្ឋភាគី ក្នុងការអនុវត្តអនុសញ្ញា និងគោលដៅអភិវឌ្ឍន៍ចីរភាព និងទី៣៖ ឱកាសសម្រាប់សមាហរណកម្ម ការរួមចំណែករបស់រដ្ឋភាគី ក្នុងការអនុវត្តអនុសញ្ញាទៅក្នុងផែនការអភិវឌ្ឍន៍គ្រប់កម្រិតក្នុងប្រទេសកម្ពុជា៕