(ភ្នំពេញ)៖ កំហុសដ៏សែនធ្ងន់របស់លោក សម រង្ស៊ី ដែលប្រមាថព្រះចេស្ដាព្រះមហាក្សត្រ បន្ទាប់ពីព្រះអង្គបានចេញព្រះរាជសារអំពាវនាវឲ្យប្រជានុរាស្ត្ររបស់ទ្រង់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានោះ កំពុងរងនូវការរិះគន់ត្មិះដៀលកាន់តែខ្លាំងទៅៗហើយ ខណៈមេបក្សមួយទៀត គឺលោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានចេញមុខសំពងក្បាលទណ្ឌិត សម រង្ស៊ី មួយអន្លូងទៀតគ្រាំយ៉ាងដំណំ។
តាមដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក សេង សុខេង បានព្រលះលោក សម រង្ស៊ី យ៉ាងចាស់ដៃថា «ទណ្ឌិត សម រង្សី អាចោរពានវាំង ដោយសារចាញ់ខ្លាំងស្រវាំងភ្នែក វិលវល់វង្វេងរកគិតអ្វីមិនត្រូវ រហូតដល់ហ៊ានប្រមាថថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអំពាវនាវប្រជារាស្ត្ររបស់ ព្រះអង្គឱ្យចូលរួមបោះឆ្នោតសកល ថ្ងៃ២៩ កក្កដា ២០១៨ ថាជាសារក្លែងក្លាយទៀត នេះពិតជាអាចោរពានវាំងមែន វាមិនដែលទុកព្រះមហាក្សត្រក្នុងកែវភ្នែកវាឡើយ ដោយតែវាមិនមានឈាមជ័រជាខ្មែរ»។
ប៉ុណ្ណឹងហើយក៏នៅមិនទាន់អស់កំហឹងឡើយ មេបក្សសញ្ជាតិកម្ពុជា ដែលថ្មីៗនេះបានប៉ះទង្គិចពាក្យសម្ដីជាមួយ សម រង្ស៊ី ផងដែរនោះ ក៏នៅតែព្រលះបន្ថែមទៀតថា ទង្វើរបស់ទណ្ឌិតនិរាសស្រុកទេស សម រង្ស៊ី ដែលបានប្រមាថព្រះបារមីរបស់ព្រះករុណា ព្រះប្រមុខរដ្ឋយ៉ាងដូច្នេះ គឺជាទោសកំហុសដ៏ធ្ងន់ធ្ងរមួយថែមទៀត ដែលត្រូវតែដាក់ទោសដ៏ធ្ងន់ធ្ងរជាទីបំផុត។
មុនឈានដល់ការរិះគន់លើទណ្ឌិតពានវាំង សម រង្ស៊ី ពីសំណាក់មេបក្សសញ្ជាតិកម្ពុជានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងយុត្តិធម៌ និងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានប្រតិកម្មយ៉ាងខ្លាំងៗលើទណ្ឌិត សម រង្ស៊ី មិនអន់ណាស់ណាដែរ ពាក់ព័ន្ធនឹងទង្វើដ៏ស្មោគគ្រោករបស់ សម រង្ស៊ី ដែលហ៊ានប្រមាថព្រះចេស្ដារបស់ព្រះមហាក្សត្រ ព្រះចៅស្ដេចផែនដីខ្ពស់ផុសអស់ប្រជានុរាស្ត្រ និងផុតក្បាលលោក សម រង្ស៊ី ផងដែរ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ដែលតាំងខ្លួនជាមេចលនាសង្រ្គោះជាតិ កំពុងងប់ងុលប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បានបង្ហោះសារលើបណ្តាញសង្គម Facebook របស់លោក ដោយចោទព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយពីម្សិលមិញនេះ ថាជាព្រះរាជសារក្លែងក្លាយ។
ក្រោយការចោទប្រកាន់នេះ ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ នៃក្រសួងព្រះបរមរាជវាំង លោក គុយ សុផល នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់ នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនោះ គឺជាព្រះរាជសារពិតប្រាកដ៕