(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញត្បាញក្រមាក្រឡាចុងក្រោយ ១០០០ម៉ែត្រ។
សូមបញ្ជាក់ថា យុវជនកម្ពុជាដឹកនាំដោយសហភាពសហព័ន្ធកម្ពុជាក្រោមចលនា «GOGO CAMBODIA» បានរួមគ្នាបង្កើតព្រឹត្តិការណ៍ត្បាញ់ក្រមាវែងជាងគេនៅលើពិភពលោកប្រវែង ១០០០ពាន់ ក្រោមប្រធានបទថា «ជឿថាខ្ញុំធ្វើបាន ជឿថាយើងធ្វើបាន ជឿថាខ្មែរធ្វើបាន»។ ព្រឹត្តិការណ៍ត្បាញក្រមាប្រវែង ១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបានបើកធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើសួនច្បារព្រះមេរុមុខសារៈមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង។
ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ចូលរួមត្បាញក្រមាដោយសេរីចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៩យប់ ដែលរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋចូលរួមត្បាញ់រាបម៉ឺននាក់ផងដែរ។
ក្រមា គឺជាអត្តសញ្ញាណជាតិខ្មែរជារបស់ប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ឋានៈ សង្គម និងសាសនា។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ ដែលបានចារឹកជាប់នឹងសរសៃអំបោះនីមួយៗនៃក្រមា។
ការបង្កើតយុទ្ធនាការត្បាញក្រមាវែងជាងគេនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕