(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម មានទាំងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ប្រមាណជាង៦០០នាក់ បានរៀបចំការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយបានយ៉ាងល្អប្រសើរ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់ នៅស្រុកជើងព្រៃ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក ដែលបានដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ជូនប្រមុខនៃរាជរដ្ឋាភិបាល មានចំនួន៥៦៧នាក់ ក្នុងនោះមានស្រ្ដី២៤នាក់។
ស្រដៀងគ្នានេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរបស់ ចំនួន១០១នាក់ ក្នុងនោះស្ដ្រី០៧នាក់ ដែលដាក់ពង្រាយដើម្បីការជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅព្រឹកមិញនេះ។
សូមជម្រាបថា ខេត្តកំពង់ចាម គឺជាខេត្តទី៥ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បន្ទាប់ពីខេត្តកណ្តាល, ស្វាយរៀង, ព្រះសីហនុ និងកំពង់ស្ពឺ៕