(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្លែងរិះគន់ថា លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ កំពុងរំលោភនូវព្រះរាជកិច្ច ព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរជាទីបំផុត តាមរយៈការចោទព្រះរាជសាររបស់ព្រះអង្គ ដែលអំពាវនាវឱ្យជនរួមជាតិ ឲ្យទៅបោះឆ្នោតនោះថា ជាព្រះរាជសារក្លែងក្លាយនោះ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក សម រង្ស៉ី កំពុងរំលោភនូវព្រះរាជកិច្ចរបស់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដែលលោកហ៊ានចោទថា ព្រះរាជសាររបស់ព្រះអង្គបានអំពាវនាវជូនដល់ បងប្អូនជនរួមជាតិឲ្យទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨
នៅថ្ងៃខាងមុខនេះ គឺជាព្រះរាជសារក្លែងក្លាយនោះ»។
លោក ពេជ្រ ស្រស់ បានបន្តទៀតថា «លោក សម រង្ស៉ី នឹងក្លាយជាជនជាតិខ្មែរទីមួយ ដែលក្បត់នឹងព្រះរាជបំណងរបស់ ព្រះមហាក្សត្រខ្មែរ និងលូកដៃព្រះរាជកិច្ចរបស់អង្គព្រះមហាក្សត្រខ្មែរយើង»។
សូមបញ្ជាក់ថា លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលងប់ងុលនឹងការប្រឆាំងរាជរដ្ឋាភិបាល បានបង្ហោះលើបណ្តាញសង្គម Facebook របស់លោក ដោយចោទព្រះរាជសារ ព្រះមហាក្សត្រ ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយពីម្សិលមិញនេះ គឺជាព្រះរាជសារក្លែងក្លាយ។
ក្រោយការចោទប្រកាន់នេះ ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ ក្រសួងព្រះបរមរាជវាំង លោក គុយ សុផល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញ ព័ត៌មាន Fresh News ឱ្យដឹងថា ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់ នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនោះ គឺជាព្រះរាជសារពិតប្រាកដហើយ៕