(ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលបានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធដ៏កក្រើកចំនួន៣នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ទៀត ព្រមទាំងបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា កម្លាំងនគរបាលរបស់លោក បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ យកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ-125សេរី2017ពាក់ស្លាកលេខ ភ្នំពេញ 1GE-2439 និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាក I.phone6 ពណ៌ទឹកប្រាក់ពីជនរងគ្រោះ ឈ្មោះ សម្បត្តិ វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជ័យមង្គល ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
លោក អេង សោភា បានបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់មានឈ្មោះដូចខាងក្រោមរួមមាន៖ ទី១-ឈ្មោះ ម៉ន សិត ហៅប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលលេខ៩ ផ្លូវលំ(លូប្រាំ) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មុខរបរបុគ្គលិកក្រុមហ៊ុន ចាក់បង្គោលភ្លើង, ទី២-ឈ្មោះ យុន ហាក់សីហា ហៅយុត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរទីលំនៅបច្ចុប្បន្ន បន្ទប់ជួលលេខ៩ ផ្លូវលំ(លូប្រាំ) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) មុខរបរបុគ្គលិករោងចក្រកាត់ដេរ, ទី៣, ឈ្មោះ ពុំ ចែត ហៅម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលម្តុំលូប្រាំ សង្កាត់ស្ទឹងមាន័យ៣ ខណ្ឌមានជ័យមុខរបរមិនពិតប្រាកដ អាសយ័ដ្ឋានបច្ចុប្បន្ន បន្ទប់ជួល ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ(មានផ្ទុកសារធាតុញៀន)។
លោកថា ពេលឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ សមត្ថកិច្ចយើងដកហូតបានសំភារៈវត្ថុតាងរួមមាន៖ ទី១-ម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ-125 សេរី2015 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CK-4447(មធ្យោបាយធ្វើសកម្មភាព), ទី២-អាវុធខ្លី០១ដើម ម៉ាក កា-54 ឈូសលេខ បង់01 មានគ្រាប់ 04គ្រាប់, ទី៣-ទូរសព្ទ័ដៃ01គ្រឿងម៉ាក អាយហ្វូន6 ពណ៌ទឹកប្រាក់ (ទូរសព្ទ័ជនរងគ្រោះ) (ម៉ូតូជនរងគ្រោះ)។
ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការស្នើសុំពីជនរងគ្រោះ ការិយាល័យបានប្រគល់ទូរស័ព្ទ០១គ្រឿងម៉ាក អាយហ្វូន6 ពណ៌ ទឹកប្រាក់ឲ្យជនរងគ្រោះវិញ។
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាងខាងលើ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕