(កណ្តាល)៖ ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្ដាល បានប្ដេជ្ញាចិត្តថា ពួកគាត់នឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ព្រោះថាពួកគាត់ស្រលាញ់សន្ដិភាព ហើយចង់ឲ្យកម្ពុជាបន្ដការអភិវឌ្ឍទៅមុខបន្ថែមទៀត។
ការប្ដេជ្ញាចិត្តយ៉ាងដូច្នេះ ធ្វើឡើងនៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល បានអញ្ជើញចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរ-អ៊ីស្លាមក្នុងស្រុកមុខកំពូល នៅវិហារធំ ម៉ាស្ទិទអាល់រ៉ស់ម៉ានី ស្ថិតនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។
នៅក្នុងឱកាសនោះលោក វង្សី វិស្សុត បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនសាសនិកឥស្លាមនៅក្នុងស្រុកមុខកំពូលទាំងអស់ ជាពិសេសនៅឃុំឬស្សីជ្រោយ ដែលតែងបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ចំពោះគណបក្សប្រជាជនកម្ពុជា នៅគ្រប់ការបោះឆ្នោតកន្លងមក។ លោកមានជំនឿយ៉ាងមុតមាំថា បងប្អូនខ្មែរ-អ៊ីស្លាមនៅស្រុកមុខកំពូល នឹងនៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០១៨ ខាងមុខនេះជាបន្តទៀតដោយគ្មានប្រែប្រួលឡើយ។
លោកបានលើកឡើងថា «គណបក្សប្រជាជនកម្ពុជា តែងតែបានគិតគូរដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ រួមទាំងបងប្អូនខ្មែរ-អ៊ីស្លាមផងដែរ និងបានផ្តល់នូវសេរីភាពខាងជំនឿសាសនា ទាំងស្រុងជូនដល់ប្រជាពលរដ្ឋ ហើយមិនមានការប្រកាន់សាសនាណាមួយនោះទេ មិនថា ព្រះពុទ្ធសាសនា, ឥស្លាមសាសនា ឬគ្រឹស្តសាសនានោះទេ។ ជាក់ស្តែង បងប្អូនខ្មែរ-អ៊ីស្លាម នៅស្រុកមុខកំពូលរបស់យើង ជាពិសេស នៅឃុំឬស្សជ្រោយបានទទួលនូវការអភិវឌ្ឍ និងសមិទ្ធផលនានាជាបន្តបន្ទាប់»។
ក្នុងពេលថ្មីៗនេះ បងប្អូនក៏ទើបតែទទួលបាននូវចំណងដៃជាអគារសិក្សា០១ខ្នង កំពស់០៣ជាន់ មាន១៥បន្ទប់បន្ថែមទៀត ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងសាលាបឋមសិក្សាអាន់នៀកម៉ះ ដើម្បីបំពេញសេចក្តីត្រូវការរបស់សិស្សានុសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ ក៏ដូចជា ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និយាយជារួម។ ក្នុងន័យនេះលោក បានលើកទឹកចិត្តដល់បងប្អូនខ្មែរឥស្លាមទាំងអស់ឱ្យបញ្ជូនកូនចៅឱ្យមកទទួលការអប់រំឱ្យបានគ្រប់ៗគ្នា។ ដូចនេះ ការបោះឆ្នោតជូនគណបក្សកម្ពុជា គឺមិនខុសពីការបោះឆ្នោតជូនព្រះអាឡោះ និងបងប្អូនខ្មែរ-អ៊ីស្លាមខ្លួនឯងតែប៉ុណ្ណោះ។
លោក វង្សី វិស្សុត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាសនិកអ៊ីស្លាម និងបងប្អូនមូស្លីម នៅ ទូទាំងប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការការពារសន្ដិភាព, ស្ថិរភាពនយោបាយសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា។ ការចូលរួមដ៏ធំធេងនេះ គឺជាមោទនភាពមួយសម្រាប់ ប្រទេសយើង ដែលមានសាមគ្គីភាព និងមានសុខដុមភាវូបនីយកម្មរវាងសាសនាផ្សេងៗគ្នា។ ផ្ទុយមកវិញ បណ្តាប្រទេសមួយចំនួននៅលើពិភពលោក កំពុងមានតែមានបញ្ហាជំនឿសាសនា ដែលបង្កបញ្ហាអសន្តិសុខទាំងក្នុងតំបន់ និងសកលលោក។ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាយើងគ្មានការបៀតបៀន គ្មានការរើសអើង ហើយគ្មានការប្រកាន់ណាមួយនោះទេ ហើយក៏គ្មានជំលោះសាសនាដូចប្រទេសមួយចំនួនដែរ។
លោក វង្សី វិស្សុត ក៏បានស្នើសុំដល់បងប្អូនខ្មែរ-អ៊ីស្លាមទាំងអស់ សូមមេត្តាអនុវត្តសិទ្ធិរបស់ខ្លួន តាមរយៈការអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់គ្នា និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកបានគូសបញ្ជាក់ថា «ការបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៦ (២០១៨-២០២៣) ជាបន្តទៀត គឺជាចំណុចស្លាប់រស់របស់កម្ពុជា នៅក្នុងការរក្សាបាននូវសន្តិភាព, ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេស ជាពិសេសដើម្បីបុកគ្រឹះសម្រាប់ការឈានឡើងរបស់កម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ជាចុងក្រោយ លោក វង្សី វិស្សុត បានបួងសួងដល់ព្រះអាឡោះ ជួយបីបាច់រក្សាបងប្អូនសាសនិកអ៊ីស្លាម និងបងប្អូនមូស្លីមនៅក្នុងស្រុកមុខកំពូល និងនៅកម្ពុជាទាំងមូល ក៏ដូចជាសាសនិកអ៊ីស្លាមនៅទូទាំងពិភពលោក៕