(តាកែវ)៖ លោក សុខ សូកាន បានថ្លែងថា លោកគ្រូ អ្នកគ្រូ គឺជាអ្នកដែលមានគុណបំណាច់ធំធេងក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្ស រួមចំណែកធ្វើឱ្យកម្ពុជារកបានសន្តិភាព មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ច មានស្ថាប័នរដ្ឋរឹងមាំ និងមានប្រជាធិបតេយ្យពិតប្រាកដ ដូចនេះដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលថែរក្សាការពារស្នាដៃទាំងនេះ សូមលោកគ្រូ អ្នកគ្រូចូលរួមបោះឆ្នោតទាំងអស់គ្នា។
លោកថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់សៀវភៅ ក្រម ង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកគ្រូ អ្នកគ្រូទូទាំងស្រុកគិរីវង់ជិត១០០០នាក់ នៅវិទ្យាល័យគិរីវង់ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ដោយចូលរួមពីសំណាក់លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ។
លោកបានរំឭកដល់អនុស្សាវរីយ៍ដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់បានសិក្សារៀនសូត្រក្នុងវិទ្យាល័យគិរីវង់នេះ ក្នុងអំឡុងឆ្នាំ១៩៦១ ដែលពីមុន គឺជាអនុវិទ្យាល័យគិរីវង់ មុននឹងក្លាយជាសាស្រ្តាចារ្យ និងជានាយកអនុវិទ្យាល័យមួយរូបក្នុងស្រុកគិរីវង់។ លោកក៏បានបញ្ជាក់ដែរថា ទោះបីជាទៅដល់ទីកន្លែងណាក៏ដោយ រូបលោក និងបងប្រុស សុខ ពុទ្ធិវុធ នៅតែជាកូនរបស់គ្រូបង្រៀនស្រុកគិរីវង់ម្នាក់ជានិច្ច។
លោកក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន គ្រូបង្រៀន មន្ត្រីរាជការ កម្មករ-កម្មការិនី កំពុងទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន មានកន្លែងធ្វើការងារល្អ មានប្រាក់ខែសមរម្យ មានប្រាក់សោធននិវត្តន៍ មានប្រព័ន្ធគាំពារសង្គម ដូចជា បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងបេឡាជាតិរបបសន្តិសុខសង្គមជាដើម ដែលធ្វើឲ្យប្រជាជនកម្ពុជាកាន់តែច្រើនឡើង មានជីវភាពរស់នៅកាន់តែប្រសើរក្នុងសេចក្តីថ្លៃថ្នូរ។
បន្ថែមលើនេះ លោកគ្រូ អ្នកគ្រូនៅស្រុកគិរីវង់ បាននិងកំពុងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត ចាប់តាំងពីដំណាក់កាលនៃការដឹកនាំរបស់សម្តេចវិបុលបញ្ញា សុខ អាន កន្លងមក ជាពិសេសតាមរយៈមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ និងសហគមន៍កសិកម្ម ដែលបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូ បានថែមមួយកម្រិតទៀតផងដែរ។
ក្នុងជំនួបនេះដែរ លោក សុខ ពុទ្ធិវុធ ក៏បានលើកឡើងដែរថា បច្ចុប្បន្នកម្ពុជាមានធនធានប្រកបដោយសក្តានុពលជាច្រើនជាទុនសម្រាប់ការអភិវឌ្ឍ ជាពិសេសយុវជនដែលមានជាង ៧០% នៃប្រជាជនសរុប គឺជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដូចនេះលោកគ្រូ អ្នកគ្រូ ដែលជាមាតាបិតាទី២របស់កូនខ្មែរគ្រប់រូបមានភារកិច្ចស្នូលយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានយុវជនកម្ពុជា ដែលជាអនាគតថ្នាក់ដឹកនាំប្រទេសជាតិ ដោយត្រូវយកចិត្តទុកដាក់លើការផ្តល់ចំណេះដឹង និងជំនាញបច្ចេកទេស ហើយទន្ទឹមគ្នានេះ ត្រូវខិតខំរួមចំណែកផ្សព្វផ្សាយអំពីគុណតម្លៃនៃ សីលធម៌ សុជីវធម៌ និងគុណធម៌ ឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីជំរុញសមត្ថភាពចេះដឹងកូនខ្មែរ ឱ្យសាកសមជាធនធានមនុស្សយ៉ាងពិតប្រាកដរបស់សង្គមជាតិ ប្រកបដោយសីលធម៌ និងចរិយាមាយាទថ្លៃថ្នូរ។ ទាំងនេះ គឺជាគោលបំណងសំខាន់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រគល់សៀវភៅទាំង២ក្បាលនេះ៕