Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឈើប្រណិតជិត២០០ដុំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង តាមបង្ក្រាបបាន រួចប្រគល់ជូនមន្រ្តីបរិស្ថាន ចាត់ការតាមច្បាប់

06-06-2018 18:30

(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបរថយន្ត ដឹកឈើគ្មានលិខិតអនុញ្ញាត ស្ថិតនៅចំណុចច្រកចង្អៀតស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។

មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី មាស​ សុវណ្ណ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះថា កម្លាំងរបស់លោកបានធ្វើការ ចាប់យកវត្ថុតាងរួមមាន៖ រថយន្តចំនួន១គ្រឿង, ឈើប្រណិតចំនួន១៨២ ស្មើនឹង៤,៩២៦ម៉ែត្រគូប (ឈើបេង៧៨ដុំ ស្មើនឹង២,៥៦៤ម៉ែត្រគូប, ឈើនាងនួន៤ដុំ ស្មើនឹង ០,៩៩៨ម៉ែត្រគូប និងឈើធ្នង់១០០ដុំ ស្មើនឹង១,៣៦៦ម៉ែត្រគូប)។

យ៉ាងណាក៏ដោយ ពេលបង្ក្រាបបាននោះ ស្រាប់តែអ្នកបើកបរបានរត់គេចខ្លួនបាត់ ហើយនៅពេលនេះ កម្លាំងជំនាញបាននិងកំពុងតាមស្រាវជ្រាវចាប់ខ្លួន។ បច្ចុប្បន្នកម្លាំងអាវុធហត្ថ បានប្រគល់វត្ថុតាងខាងលើ ឲ្យទៅមន្ត្រីបរិស្ថានខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានឲ្យដឹងថា ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើការតាមស្រាវជ្រាវបង្ក្រាបបទល្មើសនានានោះ លោកបានដាក់ផែនការដល់កងកម្លាំងនៅអង្គភាព ត្រូវបន្តយកចិត្តយកចិត្តទុកដាក់តាមបង្ក្រាបរាល់បទល្មើស ដែលកើតមានឡើងនៅតាមមូលដ្ឋាន ជាពិសេសនោះ គឺកិច្ចរក្សាសន្តិសុខជូនប្រជាពលរដ្ឋសម្រាប់ការរកស៊ី និងរស់នៅប្រចាំថ្ងៃ៕