(បន្ទាយមានជ័យ)៖ រឿងអាស្រូវ នៃទំនាក់ទនងស្នេហារវាង អតីតព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ និងកញ្ញាស្រស់ស្អាត សាច់សខ្ចី កាយ លីតា ដែលធ្វើឱ្យកក្រើកពេញបណ្តាញសង្កម Facebook នោះ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ បើទោះបីអន្ទិត ស្រិល វណ្ណា ត្រូវបានចាប់ផ្សឹកកាលពីម្សិលមិញ ក៏ដោយនោះ។
ដំណើររឿងបានបន្តភាគ ដោយសារតែភាគីខាងស្រី បានដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយចោទពីបទចាប់រំលោភ ហើយធ្វើការទាមទារសំណងជំងឺចិត្តរហូតដល់៥ម៉ឺនដុល្លារ។
របាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានទទួលបណ្តឹងពីឈ្មោះ កាយ លីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានប្តឹងរាយការណ៍ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០២យប់ឈ្មោះ ស្រិល វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ ជាចៅអធិការវត្តភ្នំបាក់លើ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានមកសុំសឹង (សុំដេក) នៅផ្ទះរបស់ខ្លួនចំនួន០២យប់។
លុះដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២១៖០០នាទីយប់ ខ្លួនបានយកភេសជ្ជៈទៅប្រគេនលោក (លោកសង្ឃ ស្រិល វណ្ណា) ហើយត្រូវបានព្រះសង្ឃអង្គនេះ បានចាប់បង្ខំរួមភេទជាមួយខ្លួន រហូតបានសម្រេចដោយសន្យាថាខែវិច្ឆិកា ឆ្នាំ២០១៨ និងលាចាកសិក្ខាបទចូលស្តីដណ្តឹងយកធ្វើជាប្រពន្ធ លុះពេលបានខ្លួនប្រាណហើយឈ្មោះ ស្រិល វណ្ណា បានបិទទូរស័ព្ទមិនព្រមចូលមកដោះស្រាយជាមួយខ្លួន ទើបខ្លួនបង្ហោះឃ្លឹបវីដេអូដែលលោកសង្ឃ ស្រិល វណ្ណា បានប្រឡែងជាមួយខ្លួន និងឆាន់ពោតស្ងោនោះឲ្យសាធារណជន និងលោកសង្ឃ ស្រិល វណ្ណា បានឃើញ ព្រមទាំងសុំឲ្យសមត្ថកិចជួយរកយុត្តិធម៌ជូនខ្លួន និងទាមទាសំណងជំងឺចិត្តចំនួន៥០០០០ដុល្លារ។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តថា «ករណីនេះជំនាញយើង កំពុងស្នើសុំទៅអយ្យការដើម្បីបើកការសើបអង្គេតបឋម»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្រោយបញ្ចប់ការឆ្លងឆ្លើយគ្នា ក្នុងសន្និសីទសារព័ត៌មាន ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យហើយ។
នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃដដែលនេះ មានការនិមន្ដចូលរួមពីថ្នាក់ដឹកនាំសង្ឃ មន្ដ្រីធម្មការ មន្ដ្រីសាលាខេត្ត ព្រះចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា ដែលជាអ្នកពាក់ព័ន្ធនឹងនារីឈ្មោះ កែ លីតា ដែលស្ថិតនៅក្នុងរូបភាព និងវីដេអូជាមួយព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ និងអ្នកសារព័ត៌មានជាច្រើននាក់។
ក្រោយការឆ្លើយឆ្លងគ្នាពីសំណាក់អ្នកពាក់ព័ន្ធនៅទីបំផុតទៅ ថ្នាក់ដឹកនាំសង្ឃ ក៏បានសម្រេចចាប់ផ្សឹកព្រះចៅអធិការដែលពាក់ព័ន្ធជាមួយស្រីញី នៅថ្ងៃនេះតែម្ដង ហើយនីតិវិធីបន្ដទៀត ឬការប្ដឹងផ្ដល់គ្នារវាងភាគីទាំង២ នឹងធ្វើឡើងនៅពេលក្រោយ។
កាលពីនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេន ព្រះសង្ឃតែម្តង ដល់ក្នុងវត្តក៏ដូចូជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជាតារាសីទៀតផង៕