(កំពង់ធំ)៖ ឃ្លាំងស្តុកស្រូវ៥ម៉ឺនតោន និងឡសំងួតស្រូវ១,៥០០តោនក្នុង១ថ្ងៃ នៅខេត្តកំពង់ធំ ដែលជាគម្រោងឥណទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជូនក្រុមហ៊ុនអេមរុរាយ៍ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ នឹងត្រូវបញ្ចប់ការសាងសង់ នៅចុងខែមិថុនានេះ។ នេះបើតាមការបញ្ជាក់របស់ធនាគារអភិវឌ្ឍន៍បទ។
បន្ទាប់ពីបញ្ចប់ពីការចូលរួមក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាកសិកម្មរវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនអេមរុរាយ៍របស់លោកឧកញ៉ា សុង សារ៉ន នៅខេត្តកំពង់ចាមរួចមកនៅល្ងាចថ្ងៃទី០៦ ខែមិថុនានេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានឆ្លៀតចុះពិនិត្យមើលវឌ្ឍនៈភាព នៃគម្រោងសាងសង់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន និងឡសំងួតស្រូវចំនួន១៥០០តោនក្នុង១ថ្ងៃ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបុសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ។
តាមផែនការគ្រោងទុក ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវនេះ នឹងត្រូវបញ្ចប់ការសាង់សង់នៅចុងខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
សូមជម្រាបថា នៅថ្ងៃទី០៧ ខែមិថុនាស្អែកនេះ លោក កៅ ថាច នឹងបន្តចូលរួមជាអធិបតីភាព ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មរវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនអេមរុរាយ៍ ក្នុងខេត្តព្រះវិហារ៕