(កំពង់ចាម)៖ សម្រាប់រដូវភ្លៀងធ្លាក់នៅរដូវវស្សានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកបណ្ឌិត ម៉ម ប៊ុនហេង បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នកូនចៅខ្លាចមានជំងឺគ្រុនឈាម ដែលអាចប៉ះពាល់ដល់អាយុវជីវិតបាន បើសិនមិនទៅរកការព្យាបាលទាន់ពេលវេលានោះ។
ការថ្លែងអំពាវនាវនេះ បានធ្វើឡើងខណៈលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរបង្អែកសុខាភិបាលស្រុកបាធាយ ខេត្តកំពង់ចាម។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយខែនេះជារដូវភ្លៀង ដូច្នេះសូមឲ្យបងប្អូនប្រុងប្រយ័ត្នកូនចៅ កុំឲ្យកើតជំងឺគ្រុនឈាម ត្រូវសំអាតលំនៅដ្ឋានឲ្យបានស្អាត កុំឲ្យមានទឹកដក់ និងត្រូវសម្រាកក្នុងមុង។
ជាមួយគ្នានេះលោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា បើបងប្អូនមានបញ្ហាសុខភាពត្រូវពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរបង្អែកដែលនៅជិតផ្ទះ។
សម្រាប់ក្រុមគ្រូពេទ្យវិញ លោករដ្ឋមន្រ្តី បានណែនាំឲ្យយកចិត្តដាក់ផ្តល់នូវសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរគោរពក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានល្អ។ ពិសេសទៀតនោះ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនកម្មករ និយោជិក មន្រ្តីរាជការសាធារណៈ អតីតមន្រ្តីរាជការ អតីតយុទ្ធជន ឲ្យបានល្អប្រសើរ៕