(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា គ.ស ២០១៨ បានអនុញ្ញាតឲ្យលោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការរី ចូលជួបពិភាក្សាការងារទាក់ទងទៅ និងគម្រោងស្តីពី Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector (CAPFISH) ដែលភាគីទាំងពីរទើបតែបានបញ្ចប់ការសិក្សាពីលទ្ធភាព និងវាយតម្លៃពីលទ្ធផលរំពឹងទុក ហើយលើកចេញជាគម្រោងស្នើសុំ ទៅសហភាពអឺរ៉ុបពិនិត្យ និងសម្រេចជាផ្លូវការ។
សូមបញ្ជាក់ផងដែរថា គម្រោងនេះមានរយៈពេល០៥ឆ្នាំ ដែលមានទឹកប្រាក់សរុបចំនួន៨៥លានអឺរ៉ូ (ប្រហែល១០០លានដុល្លារ) ក្នុងនោះមានការចូលរួមសហការអនុវត្តគម្រោង ដោយរដ្ឋបាលជលផល ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។
គម្រោងផ្តោតជាសំខាន់ទៅលើទី១៖ ការគ្រប់គ្រង អភិរក្ស ត្រួតពិនិត្យ និងតាមដានធនធានជលផលសមុទ្រ និងទឹកសាប, ទី២៖ ការកែច្នៃ និងការធានាសុវត្ថិភាពស្បៀង, ទី៣៖ ការលើកកម្ពស់ជីវភាពសហគមន៍នេសាទ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនឹងមានកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសំណើគម្រោងនៅទីស្នាក់ការធំរបស់សហភាពអឺរ៉ុប ហើយលោកសង្ឃឹមថានឹងអាចចុះកិច្ចព្រមព្រៀងឯកភាព លើសំណើនេះនាចុងឆ្នាំ២០១៨។
លោករដ្ឋមន្រ្តី វេង សាខុន តាមរយៈលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណជាអនេក ជូនចំពោះសហភាពអឺរ៉ុបដែលជានិច្ចកាលបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ពិសេសលើវិស័យកសិកម្ម។ ចំពោះគម្រោងនេះ លោក រដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារៈសំខាន់ ព្រោះវានឹងជួយការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលដ៏ប្រពៃប្រកប ដោយនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។
លោកសន្យាថានឹងផ្តល់ការគាំទ្រ សហការអនុវត្តគម្រោងនេះ ឲ្យអស់លទ្ធភាពធ្វើយ៉ាងណាឲ្យទទួលបាន លទ្ធផលដូចការរំពឹងទុក។
ក្រៅពីការងារគម្រោងខាងលើ លោកឯកអគ្គរដ្ឋទូត និងលោករដ្ឋមន្រ្តី បានពិភាក្សាគ្នាលើប្រធានបទមួយចំនួនទៀត ដូចជាការគ្រប់គ្រង និងទប់ស្កាត់បទល្មើនេសាទ (IUU Fishing) ការគ្រប់គ្រងនិងការចុះបញ្ជិកាទូនេសាទ ការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល ហើយលោក រដ្ឋមន្រ្តីបានឯកភាពធ្វើជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីដឹកនាំកិច្ចប្រជុំស្តីពីការធ្វើជំរឿនទូកនេសាទ ហើយក៏បានឯកភាពថា នឹងបង្កើតក្រុមការងារត្រួតពិនិត្យ គ្រប់គ្រងធនធានព្រៃឈើផងដែរ។