(ភ្នំពេញ)៖ ក្រុមហ៊ុនថ្មីមួយទៀត បានកំពុងតែរៀបចំខ្លួន ដើម្បីឈានជើងចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយលក់មូលបត្រជាសាធារណៈ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនទីផ្សារមូលបត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែមិថុនានេះ។
ក្រុមហ៊ុនថ្មីនេះ គឺក្រុមហ៊ុន ផេសថិក ខេមបូឌា លីមីធីត ដែលត្រូវបានក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ការជួញដូរជាផ្លូវការនៅផ្សារមូលបត្រ របស់ក្រុមហ៊ុនថ្មីនេះ ត្រូវទទួលបានការអនុញ្ញាតបោះផ្សាយលក់មូលបត្រជាសាធារណៈពីគណៈកម្មការមូលបត្រកម្ពុជា និងត្រូវបំពេញលក្ខខណ្ឌតម្រូវផ្សេងៗមួយចំនួនទៀត។
លោក ល្មូន សូឡី ប្រធាននាយកដ្ឋានចុះបញ្ជី និងផ្តល់ព័ត៌មាននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាឲ្យដឹងថា «ក្រុមហ៊ុន ផេសថិក ខេមបូឌា លីមីធីត អាចនឹងចុះបញ្ជីជួញដូរមូលបត្រជាផ្លូវការ នៅរយៈពេលប្រហែល២ខែខាងមុខ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន ផេសថិក ខេបូឌា លីមីធីត ជាក្រុមហ៊ុនបច្ចេកទេសថាមពលអគ្គិសនី ដែលផ្ដល់សេវាកម្មចម្បង លើការសាងសង់បណ្ដាញបញ្ជូនអគ្គិសនី អនុស្ថានីយន៍ ប្រព័ន្ធថាមពលខ្សែកាបក្រោមដី និងការជួញដូរបង្គុំគ្រឿងបរិក្ខារ ប្រព័ន្ធថាមពល។
ប្រសិនបើកក្រុមហ៊ុនថ្មីនេះ ហក់ចូលទីផ្សារភាគហ៊ុនដែរនោះ នឹងក្លាយក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនទី៦ ក្នុងការជួញដូរភាគហ៊ុន ក្នុងផ្សារភាគហ៊ុន។ បច្ចុប្បន្នក្រុមហ៊ុន៥ចំនួន កំពុងជួញភាគហ៊ុននៅកម្ពុជា រួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ហ្គ្រីនធ្វីន, កំពង់ផែស្វយ័តក្រុងភ្នំពេញ, ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងកំពង់ផែខេត្តព្រះសីហនុ៕