(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យក្តីសុបិន្តរបស់ប្រជាពលរដ្ឋ នៅប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ បានក្លាយជាការពិតហើយ ដោយបងប្អូនទទួល បានដីកម្មសិទ្ធិស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលអាចឲ្យសាងសង់ផ្ទះស្នាក់នៅ ជាមួយនឹងផ្លូវ ភ្លើង និងប្រព័ន្ធទឹកស្អាតផងដែរ។
ក្នុងជំហានទី១នេះ ប្រជាពលរដ្ឋចំនួន១៥២គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៥៦២គ្រួសារ រស់នៅអមសងខាងប្រឡាយស្ទឹងមានជ័យ បានឈានដល់ការចាប់ឆ្នោត ទទួលយកដីកម្មសិទ្ធិហើយ ក្រោយពីអាជ្ញាធរ រាជធានីភ្នំពេញ បានចាក់ដីបំពេញរួចមក។
ពិធីចាប់ឆ្នោតនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន អ្វីដែលជាក្តីសុបិន្តរបស់ប្រជាពលរដ្ឋ នៅប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ បានក្លាយជាការពិតហើយ ដោយក្នុងជំហានទី១នេះ ប្រជាពលរដ្ឋចំនួន១៥២គ្រួសារ ទទួលបានដីទំហំ៤គុណ និង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង។ លោកសូមឲ្យប្រជាពលរដ្ឋ ពេលបានកម្មសិទ្ធិស្របច្បាប់ហើយ នៅពេលសាងសង់ផ្ទះ កុំឲ្យទាស់ទែងគ្នា អាចដាក់ជញ្ជាំងជាប់ព្រំគ្នា និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។
លោក ឃួង ស្រេង បានបន្តថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាម៉ែជាឪ ប្រជាពលរដ្ឋជាង១៥លាននាក់ បានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋខ្លាំងណាស់ ដោយបានកែប្រែបងប្អូនប្រជាពលរដ្ឋខ្លះ ពីកសិករទៅជាកម្មករបំរើការងារនៅតាមរោងចក្រ។ ក្រៅពីនេះ នៅបានប្រទានកម្មនូវអ្វីជាច្រើនទៀតជូនប្រជាពលរដ្ឋ។
លោកថា ប្រជាពលរដ្ឋដែលរស់នៅតំបន់មិនរៀបរយ នៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានជួយជ្រោមជ្រែង និងរកតំបន់ដែលអាចរស់នៅ បានដោយស្របច្បាប់ និងតំបន់ខ្លះប្រែក្លាយ ដោយឲ្យអភិវឌ្ឍនៅនឹងកន្លែងតែម្តង។ ជាក់ស្តែងនៅប្រឡាយស្ទឹងមានជ័យនេះ គឺប្រជាពលរដ្ឋត្រូវបានសម្តេចប្រគល់ ស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
លោក ឃួង ស្រេង ក៏បានថ្លែងការដឹងគុណផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យរាជធានីភ្នំពេញមានសោភណ្ឌភាព។ លោកបន្តថា យើងមានប្រយោជន៍ ដូចគ្នា ពោលគឺប្រជាពលរដ្ឋបានដី ជាប្លង់កម្មសិទ្ធិស្របច្បាប់ នៅសងខាងប្រឡាយស្ទឹងមានជ័យ។
ចំណែកអាជ្ញាធររាជធានីភ្នំពេញវិញ ទទួលបានប្រឡាយដើម្បីរំដោះទឹកកុំឲ្យលិចលង់រាជធានីភ្នំពេញ ហើយប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹក ពោលគឺអាចជួយរំដោះទឹក ដល់តំបន់សាលាក្តីខ្មែរក្រហម ថែមទៀតផង។ លោកសន្យាថា មិនឲ្យលិចលង់ភ្នំពេញទៀតទេ បើបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយរដ្ឋបាលរាជធានី ក្នុងការទុកដាក់សម្រាមកុំឲ្យចូលលូនោះ។ ចំពោះប្រឡាយលូ អាជ្ញាធររាជធានី បានគិតគូរ យ៉ាងច្បាស់លាស់អស់ហើយ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានសូមឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ឲ្យបានគ្រប់គ្នា ហើយបោះឲ្យចាំគោលដៅ អ្នកណាធ្វើឲ្យប្រទេសជាតិ មានសន្តិភាព មានការអភិវឌ្ឍ នរណាអ្នករំដោះបងប្អូនចេញពីរបបប៉ុលពត និងនាំសន្តិភាពមកដល់សព្វថ្ងៃនេះ។
សូមជម្រាបថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ។ លើគម្រោងនេះ បានបែងចែកជា៤ តំណាក់កាល ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងតំណាក់កាលទី១នេះ ក្រុមការងារបានសម្រុចការងាររបស់ខ្លួន បាន១០០ភាគរយហើយ។ ក្រៅពីចាក់បេតុងស៊ីផាយហើយនោះ ការចាក់ដីបំពេញ ដើម្បីផ្តល់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ក្រុមការងារបានចាក់បំពេញ បានមួយរយភាគរយហើយដែរ។
គួរបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះ ចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤គុណ និង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យ នឹងត្រូវសាងសង់ឡើង ដោយបុកបេតុងស៊ីផាយ ដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រ ជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈ នៅលើផ្លូវនេះថែមទៀត ។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យ មានទំហំ៨ម៉ែត្រ ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុង ទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះ និងក្រោយផ្ទះកន្លះម៉ែត្រ៕