(ភ្នំពេញ)៖ ក្រុមប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន៦៣៨គ្រួសារ បានសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយដោះស្រាយបញ្ចប់បញ្ហាដីធ្លីមួយ ដែលបានអូសបន្លាយជាង២០ឆ្នាំមកហើយ។
ប្រជាពលរដ្ឋទាំងនេះ ធ្លាប់បានដាក់ញាត្តិទៅកាន់សម្តេចនាយករដ្ឋមន្រ្តី តាមរយៈក្រសួងយុត្តិធម៌កាលពីដើមខែមករា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ លោក អង្គ វង្ស វឌ្ឍានា បានជម្រាបជូនពីបញ្ហា នេះទៅកាន់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ដោយរៀបរាប់ពីដំណើររឿងនៃជម្លោះដីធ្លីនេះផងដែរ។
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមប្រជាពលរដ្ឋ តាមរយៈអង្គភាពព័ត៌មាន Fresh News បានរៀបរាប់ថា ពួកគាត់បានកាន់កាប់គ្រប់គ្រង និងអាស្រ័យផលលើដី២០ហិកតា ដែលមានទីតាំងខាងលើ កាលពីឆ្នាំ១៩៧៩មកម្ល៉េះ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ មានអាជ្ញាធរទៅហាមឃាត់ពួកគាត់ ឈប់ឲ្យអាស្រ័យផលលើដីនោះទៀត ដោយអះអាងថា មានប្រជាពលរដ្ឋ១២គ្រួសារ មានសាលក្រម កំបាំងមុខលេខ ២៩«ឈ» ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ របស់តុលាការក្រុងភ្នំពេញ បញ្ជាក់ថា ពលរដ្ឋ១២គ្រួសារ ជាម្ចាស់ដីទៅវិញ។
នៅពេលលេចមុខពលរដ្ឋ១២គ្រួសារ មកអះអាងថា ជាម្ចាស់ដី និងដោយមានការសហការពីអាជ្ញាធរមូលដ្ឋានផងនោះ ប្រជាពលរដ្ឋ៦៣៨គ្រួសារ មិនអាចចូលទៅអាស្រ័យផលលើដី ទំនាស់ដែលជាដីដែលពួកគាត់ធ្លាប់ គ្រប់គ្រងពីមុននោះទៀតទេ។ ក្រោយពីមានវិវាទនឹងគ្នាយូរពេក ពលរដ្ឋចំនួន៦៣៨គ្រួសារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ បានសុខចិត្តប្រគល់ដីចំនួន៧ហិកតា ឲ្យទៅភាគីម្ខាងចំនួន១២គ្រួសារ ដើម្បីបញ្ចប់រឿង។
យោងតាមលិខិត លេខ០២៥០ កយចសរវណ/១៨ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងយុត្តិធម៌ គោរពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយរកការឯកភាពពីប្រជាពលរដ្ឋ១២គ្រួសារ និងអនុវត្តឲ្យស្របតាមច្បាប់ ដើម្បីបញ្ចប់វិវាទដ៏រាំរ៉ៃជាង២០ឆ្នាំមកនេះ។
ជាចុងក្រោយ ពួកគាត់បានសំណូមពរទៅដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ និងជំរុញឲ្យក្រសួងរៀបចំដែនដី ជួយដោះស្រាយបញ្ចប់បញ្ហានេះផង ដើម្បីឲ្យពួកគាត់អាចកាន់កាប់ និងធ្វើការអាស្រ័យផលវិញបាន៕