(ព្រៃវែង)៖ នាឱកាសប្រកាសតែងតាំងលោក ទឹម ទេពវង្សា ជាប្រធានមន្ទីរទេសចរណ៍ថ្មីនៃខេត្តព្រៃវែង នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ជា បូរ៉ា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ បានណែនាំឲ្យប្រធានមន្ទីរទេសចរណ៍ថ្មីខេត្តព្រៃវែង ខិតខំពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយភាពទាក់ទាញ។
លោក ទឹម ទេពវង្សា ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន ប្រកាសតែងតាំងជាប្រធានមន្ទីរទេសចរណ៍ថ្មីនៃខេត្តព្រៃវែង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ជំនួសលោកស្រី អេង ណាវី ដែលត្រូវចូលននិវត្តន៍។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីស្ដីទីបានណែនាំ ដល់លោកប្រធានមន្ទីរទេសចរណ៍ និងមន្រ្តីរាជការនៃមន្ទីរទេសចរណ៍ខេត្តព្រៃវែងទាំងអស់ ត្រូវអនុវត្តការងារមួយចំនួនឲ្យបានខ្ជាប់ខ្ជួន រួមមាន៖
១. ការងារគ្រប់គ្រងមន្រ្តីរាជការ៖
* ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងមន្ទីរឱ្យបានល្អ។
* ត្រូវធ្វើការបែងចែក និងប្រគល់ភារកិច្ចជូនមន្រ្តីឱ្យបានច្បាស់លាស់។
* ត្រូវមានរបៀបរបបប្រជុំ របៀបរបបដឹកនាំ និងត្រួតពិនិត្យការងារច្បាស់លាស់។
* ត្រូវពិនិត្យ និងកែសម្រួលរចនាសម្ព័នរបស់មន្ទីរ ឲ្យបានសមស្របតាមរចនាសម្ព័ន្ធថ្មីរបស់ក្រសួង។
* ត្រូវពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តី ពង្រឹងវិន័យ និងការចាត់តាំងមន្ត្រីរាជការឱ្យបានច្បាស់លាស់។
* ត្រូវពង្រឹងការអនុវត្តថវិកាកម្មវិធី និងការគ្រប់គ្រងចំណូល-ចំណាយរបស់មន្ទីរឱ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាពការងារ និងសម្រេចលទ្ធផលតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់មន្ទីរ។
* ត្រូវចាត់ទុកខេត្តជាម្ដាយ និងក្រសួងទេសចរណ៍ជាឪពុក។
* ត្រូវមានកិច្ចសហការល្អជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តមន្ទីរ អង្គភាពសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍។
២. ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍៖
* ត្រូវរៀបចំបង្កើតឲ្យមានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្តព្រៃវែង ហើយផែនការនេះត្រូវដាក់ឆ្លងលោកអភិបាលខេត្ត និងក្រសួងទេសចរណ៍ ដើម្បីពិនិត្យអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការ។
ត្រូវពង្រឹងការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសត្រូវជំរុញឲ្យមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំង*អស់ រកស៊ីត្រឹមត្រូវតាមច្បាប់ និងមានអាជ្ញាបណ្ណប្រកបអាជីវកម្មត្រឹមត្រូវ។
* ព្រមទាំងជំរុញអនុវត្តការផ្តល់អាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងជំរុញអនុវត្តស្តង់ដារសេវាកម្មទេសចរណ៍នានា ដែលក្រសួងបានដាក់ចេញ។
* ត្រូវពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍផលិតផលទេសចរណ៍ ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានទេសចរណ៍នានានៅខេត្តព្រៃវែង មានការប្រែប្រួល និងមានភាពទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ។
* ត្រូវជំរុញលើកទឹកចិត្តដល់ផ្នែកឯកជនចូលរួមវិនិយោគ លើផ្នែកទេសចរណ៍ឱ្យបានច្រើន ពិសេសលើការអភិវឌ្ឍរមណីយដ្ឋាន និងសហគមទេសចរណ៍នានានៅខេត្តព្រៃវែង។
* ត្រូវពង្រឹងការងារទីក្រុងស្អាត ដើម្បីឱ្យបេក្ខភាពទីក្រុងព្រៃវែង នៃខេត្តព្រៃវែងអាចឈានទៅទទួលបានផ្ការំដួល ៣ទង។
* ត្រូវរៀបចំបង្កើតឱ្យមានជាព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងកីឡាឱ្យបានច្រើនសម្រាប់ខេត្ត។
* ត្រូវពង្រឹងការឃោសនាផ្សព្វផ្សាយ និងផលិតឯកសារផ្សព្វផ្សាយទេសចរណ៍សម្រាប់ខេត្តព្រៃវែង ដោយសហការជាមួយសាលាខេត្ត ក្រុមហ៊ុន សមាគម និងផ្នែកឯកជននានា។
* ត្រូវជំរុញរៀបចំបង្កើតឲ្យមានមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ឬបញ្ជរព័ត៌មានទេសចរណ៍នៅតាមតំបន់ ទីប្រជុំជន និងតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់ព័ត៌មានជូនទេសចរជាតិ និងអន្តរជាតិ។
ជាងនេះទៀត លោកក៏ណែនាំឲ្យប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តព្រៃវែង ដែលជាខេត្តទទួលបានផ្ការំដួល២ទងនោះ ត្រូវខិតខំរៀបចំបង្កើតជាកញ្ចប់ខ្សែទស្សនកិច្ចមួយរបស់ខេត្តព្រៃវែង ដោយតភ្ជាប់គោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍មួយ។
លោក ជា បូរ៉ា បានស្នើឲ្យរដ្ឋបាលខេត្តព្រៃវែង មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវខិតខំរៀបចំទីក្រុង ទីប្រជុំជនក្នុងខេត្តឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ ពិសេសត្រូវគិតគូរជាចម្បងដល់បញ្ហាអនាម័យ ការប្រមូលសំរាម ការគ្រប់គ្រងកាកសំណល់រឹង ទីក្រុងត្រូវមានធុងដាក់សំរាម រថយន្តដឹកសំរាមឲ្យបានគ្រប់គ្រាន់ ត្រូវមានមធ្យោបាយសម្ភារសម្អាតទីក្រុងឲ្យបានគ្រប់គ្រាន់ និងត្រូវបំផុសចលនាប្រជាពលរដ្ឋ ចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតឲ្យបានផុលផុស។ ព្រមជាមួយនេះ ត្រូវខិតខំពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍និងបដិសណ្ឋារកិច្ចទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ និងដឹកជញ្ជូន។
លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង ក៏បានណែនាំឲ្យលោកប្រធានមន្ទីរទេសចរណ៍ថ្មី ត្រូវខិតខំអនុវត្តការងារឲ្យបាននខ្ជាប់ខ្ជួន ដើម្បីចូលរួមធ្វើឲ្យខេត្តព្រៃវែងមានភាពស្អាត និងបៃតង ក្លាយទៅជាខេត្តទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ខណៈតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនក៏មានស្រាប់ហើយ ដូច្នេះត្រូវតែខិតខំអភិវឌ្ឍន៍ និងពង្រីកបន្ថែមទៀត៕