(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញពិសារអាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារឥស្លាមបឹងកក់។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ក៏បានអញ្ជើញចូលរួមពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរ-ឥស្លាម នៅមជ្ឈមណ្ឌលកោះពេជ្រ។ កាលពីឆ្នាំ២០១៧កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមពិសារអាហារស្រាយបួសដូច្នេះផងដែរ។
បងប្អូនខ្មែរ-ឥស្លាម ពួកគេសុទ្ធតែបានបង្ហាញការរីករាយ និងពេញចិត្តចំពោះសកម្មភាពរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពួកគេចាត់ទុកការវិហារនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាព និងការរស់នៅរបស់បងប្អូនខ្មែរ-ឥស្លាម។
សម្តេចតេជោ ហ៊ុន សែន បើទោះបីជាអ្នកកាន់ព្រះពុទ្ធសាសនា តែក្នុងនាមជានាយករដ្ឋមន្ត្រី តែងរៀបចំអាហារសាមគ្គីជាមួយគ្រិស្ទបរិស័ទ និងខ្មែរ-ឥស្លាមរៀងរាល់មួយឆ្នាំម្តង។ តាមរយៈកាយវិការនឹងសកម្មភាពនេះ បានបង្ហាញឲ្យឃើញថា នាយករដ្ឋមន្ត្រីដែលតម្កល់តម្លៃ នៃសុខសន្តិភាពជាធំរូបនេះ បានព្យាយាមធ្វើឲ្យមានសុខដុមនីយកម្ម ផ្នែកសាសនានៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសជាច្រើន នៅលើពិភពលោកកំពុងជួបវិបត្តិ ព្រោះជំនឿសាសនារហូតបង្កើតជាសង្គ្រាម ឬអសន្តិសុខក្នុងសង្គមក៏មាន។
រាល់ជំនួបជាមួយប្រជាពលរដ្ឋ ដែលមានជំនឿសាសនាផ្សេងៗគ្នា សម្តេចតេជោតែងតែអំពាវនាវ ឲ្យពួកគេរួមរស់ជាមួយគ្នាដោយសុខដុមរក្សា ឲ្យបាននូវសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិមាតុភូមិ៕