(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ ក្រសួងព្រះបរមរាជវាំង លោក គុយ សុផល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតទាំងអស់ នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនោះ គឺជាព្រះរាជសារពិតប្រាកដហើយ។
ការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅ ក្រសួងព្រះបរមរាជវាំង បានធ្វើឡើងភ្លាមៗបន្ទាប់ពី លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលងប់ងុលនឹងការប្រឆាំងរាជរដ្ឋាភិបាល បានបង្ហោះលើបណ្តាញសង្គម Facebook របស់លោក ដោយចោទព្រះរាជសារព្រះមហាក្សត្រ ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយពីម្សិលិញនេះ គឺជាព្រះរាជសារក្លែងក្លាយ។
លោក គុយ សុផល បានបញ្ជាក់ថា ព្រះរាជសារនេះ ត្រូវបានឡាយព្រហស្ថដោយព្រះមហាក្សត្រ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ និងបានបញ្ជូនទៅគ.ជ.បផងដែរ។
ក្នុងព្រះរាជសារព្រះមហាក្សត្រ ព្រះអង្គបានមានព្រះតម្រិះឃើញថា ការបោះឆ្នោតខាងមុខនេះ គឺជាការបោះឆ្នោតដ៏សំខាន់។ ព្រះអង្គបានមានព្រះបន្ទូលថា៖ «ជនរួមជាតិ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។
ព្រះអង្គមានព្រះបន្ទូលទៀតថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមកុំឲ្យមានការព្រួយបារម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ។
ក្នុងពិធីសំណេះសំណាលជាមួយ កម្មករជាង២ម៉ឺននាក់ នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកព្រះរាជសារ ព្រះមហាក្សត្រ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការទះកំផ្លៀងយ៉ាងធ្ងន់ធ្ងរលើ លោក សម រង្ស៊ី និងក្រុមប្រឆាំង។ សម្តេចបញ្ជាក់ថា ការអំពាវនាវកុំឱ្យប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតរបស់ «ក្រុមដេកផ្ទះឈ្នះឯង» គឺជាការប្រឆាំងនឹងព្រះមហាក្សត្រ ជាម្ចាស់ផែនដី មិនមែនជាការប្រឆាំងជាមួយសម្តេច ឬគណបក្សនយោបាយណាមួយនោះឡើយ។
ដោយឡែក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ព្រះរាជសារព្រះមហាក្សត្រ ដែលព្រះអង្គបានមានបន្ទូលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដា ខាងមុខនេះ គឺជាសារដ៏កម្រ និងដ៏មានតម្លៃដល់ប្រជារាស្រ្តខ្មែរគ្រប់រូប៕