(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅវេលាម៉ោង១៣៖១៦នាទី រសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៣ (GS3-J03) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតនៅក្នុងខណ្ឌ៧មករា និងខណ្ឌទួលគោក រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបន្ដទៀតថា តំបន់មួយចំនួន ដែលបានដាច់ចរន្តអគ្គិសនី ក្នុងខណ្ឌ៧មករា និងខណ្ឌទួលគោក រួមមាន ទី១៖ ផ្លូវ១៦៨ ផ្លូវ១៥៨ និងផ្លូវ២១១ សង្កាត់វាលវង់ និងសង្កាត់មិត្តភាព ខណ្ឌ៧មករា និងទី២៖ ផ្លូវ២០៦ និងផ្លូវ២១៥ សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
EDC បានបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៣ (GS3-J03) ខាងលើនេះ មូលហេតុដោយសារតែ ក្រុមហ៊ុន LNSK Construction Co.,Ltd ប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីដាក់លូ ប៉ះកាបបណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី។ ក្រុមការងារបច្ចេកទេស បានភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង ១៥៖២០នាទីរសៀល។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕