(ភ្នំពេញ)៖ ប្រភពព័ត៌មានពីសាលាឧទ្ទរណ៍បានអោយដឹងថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ ចៅក្រមសាលាឧទ្ទរណ៍នឹងប្រកាសសាលដីកា សម្រេចពីជោគវាសនាឧកញ៉ា ជួប ច័ន្ទ ដែលពាក់ព័ន្ធការចេញសែកអត់លុយ រហូតដល់១លានដុល្លារ អោយទៅម្ចាស់បំណុល ។
ការកំណត់ប្រកាសសាលដីកានេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ទរណ៍ បានបើកសវនាការកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដោយអវត្តមានជនត្រូវចោទឈ្មោះជួប ច័ន្ទ ដែលកំពុងជាប់ពន្ធនាគារប៉េហ្ស៊ី តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ។
សវនាការដែលអវត្តមានជនជាប់ចោទ ជួប ច័ន្ទ ត្រូវបានក្រុមមេធាវីការពារក្ដីអោយជនជាប់ចោទ ដាក់លិខិតស្នើសុំទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ សូមកុំអោយបញ្ជូនកូនក្ដីរបស់ខ្លួនមកចូល រួមសវនាការ ដោយសម្អាងហេតុថា កូនក្ដីរបស់ពួកគេមានសុខភាពចុះទ្រុឌទ្រោមយ៉ាងខ្លាំ ងដោយជំងឺលើសសម្ពាធឈាម បេះដូង តំរងនោម អេដស៍ មិនអាចចូលរួមក្នុងសវនាការបាន។ ទោះបីអវត្តមានជនជាប់ចោទឈ្មោះ ជួប ច័ន្ទ ក្នុងសវនាការក្ដី តែក្រុមប្រឹក្សាជំនុំជំរះ នៅតែបន្តដំណើរការនីតិវិធីរហូតដល់ចប់។
នៅក្នុងសវនាការក្រុមមេធាវីការពារជនជាប់ចោទ បានទទួលស្គាល់ថា កូនក្ដីរបស់ខ្លួនឈ្មោះ ជួប ច័ន្ទ ពិតជាបានចេញសែកមានទឹកប្រាក់១លានដុល្លារ អោយដើមបណ្ដឹងរដ្ឋប្បវេណីប្រាកដមែន តែសែកនោះមិនមានទឹកប្រាក់ក្នុងគណនីទេ គឺជាសែកចេញសម្រាប់តម្កល់ការជឿទុកចិត្តប៉ុណ្ណោះ។
ក្នុងសវនាការនេះផងដែរ ទាំងអគ្គព្រះរាជអាជ្ញារង ទាំងប្រធានក្រុមប្រឹក្សាជំនុំជំរះបានបង្ហាញ ហេតុផលថា ក្នុងកាលៈទេសៈណាក៏ដោយ អ្នកដែលចេញមូលប្បទានប័ត្រ ហៅថាសែក គ្មានប្រាក់អោយអ្នកដទៃត្រូវតែមានទោស។ បន្ទាប់មកក្រុមប្រឹក្សាជំនុំជំរះបានសម្រេចលើកពេលមក ប្រកាសសាលដីកានៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤រសៀល ។
ហេតុដូច្នេះហើយទាំងជនជាប់ចោទ ទាំងដើមបណ្ដឹងរដ្ឋប្បវេណីបាននឹងកំពង់រងចាំមើល សេចក្ដីសម្រេចនៃសាលដីកាពីជោគវាសនា របស់ជនជាប់ចោទគឺឧកញ៉ាជួប ច័ន្ទ នាថ្ងៃទី៧ ខែមិថុនា ខាងមុខ ខណៈដែលមានពាក្យចចាមអារាម ជាច្រើននិយាយពីមានអ្នករត់ការស្នើអោយ ក្រុមប្រឹក្សាសាលាឧទ្ទរណ៍ទំលាក់ចោលការចោទប្រកាន់ និងដោះលែងអោយជនជាប់ចោទមានសេរីភាពវិញ។
គួររំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា កាលពីរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស ឧកញ៉ា ជួប ច័ន្ទ ដាក់ ពន្ធនាគារកំណត់២ឆ្នាំ បង្គាប់អោយសងប្រាក់ដល់ដើមបណ្ដឹង រដ្ឋប្បវេណីចំនួន១លានដុល្លារ និងសំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ ក្រោមបទចោទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន តាមមាត្រា២៣១ នៃក្រមព្រហ្មទណ្ឌ ។ សេចក្ដីសម្រេចនេះបានធ្វើឡើងនៅចំពោះមុខជនជាប់ចោទ ជួប ច័ន្ទ ។ ក្រោយពីស្ដាប់សាលក្រមរបស់តុលាការរួច ជនត្រូវចោទបានប្រាប់ចៅក្រមជំនុំជំរះថា គាត់ប្ដឹងឧទ្ទរណ៍ចំពោះសេចក្ដីសម្រេចនេះ ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានបើកសវនាការលើសំណុំរឿងឧកញ៉ា ជួប ច័ន្ទ ជាសាធារណៈនៅចំពោះមុខជនជាប់ចោទ ដោយមានលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ និងមេធាវីគូក្ដី ។
អង្គហេតុដែលតុលាការចោទប្រកាន់លោកឧកញ៉ា ជួប ច័ន្ទ ពីបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបានតាមមាត្រា២៣១ នៃក្រមព្រហ្មទណ្ឌ គឺផ្ដើមចេញពីករណីឧកញ៉ា ជួប ច័ន្ទ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គឹម កៅ ក្នុងការបង្វិលប្រាក់សងមកក្រុមហ៊ុនគឹម កៅ ចំនួន៣លាន៥សែនដុល្លារ ក្នុងនោះលោកឧកញ៉ាជួប ច័ន្ទ បានចេញមូលប្បទានប័ត្រមួយសន្លឹកលេខ ០៥៨៩៦០០ ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់ធនាគារកម្ពុជាពាណិជ្ជ ចាំកាត់មានតម្លៃ១លានដុល្លារ ដែលសែកនោះបានកំណត់ថ្ងៃ បើកប្រាក់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែដល់ថ្ងៃកំណត់បើកប្រាក់ស្រាប់ តែខាងធនាគារបញ្ជាក់ថាគណនី នោះពុំមានប្រាក់ទេ ទើបក្រុមហ៊ុន គឹម កៅ ដាក់ពាក្យប្ដឹងតែម្ដង ។
ចំពោះបទចោទប្រកាន់នេះជនជាប់ចោទជួប ច័ន្ទ បានសារភាពថានៅអំឡុងឆ្នាំ២០០៨ ក្រុមហ៊ុនគឹម កៅ បានរកស៊ីជាមួយក្រុមហ៊ុនរតនសម្បត្តិ ក្នុងការទិញលក់ ស ជ ណ នៃដីសម្បទានតំបន់T87 ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានតម្លៃរួមចំនួន១១លានដុល្លារអាមេរិក ។
ក្នុងនោះ ការអនុវត្ត ស ជ ណ ទី១ លេខ ០៤ ក្រុមហ៊ុនគឹម កៅ បានប្រគល់ប្រាក់ចំនួន៤.៩៧០.០០០ ដុល្លារតាមរយៈមនុស្សពីរនាក់បន្តមកអនុវត្ត ស ជ ណ ទី២លេខ ០៤៥ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនអាចអនុវត្ត បានទេដោយសាររាជរដ្ឋាភិបាល បាននិរាករណ៏ចោល សជ ណ នោះ ហើយប្រគល់ដីអោយ ប្រជាពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែង។
ឧកញ៉ា ជួប ច័ន្ទ បានសារភាពទៀតថា ដោយសារមានការខាតបង់យ៉ាងសម្បើមនេះ ក្រុមហ៊ុនរតនសម្បត្តិបានព្រមព្រៀងប្រគល់ប្រាក់ចំនួន ៣លាន៥សែនដុល្លារមកក្រុមហ៊ុន គឹម កៅ វិញល្គឹកណាក្រុមហ៊ុនគឹម កៅ ផ្ទេរ ស ជ ណ ដែលនិរាករណ៏នោះមកក្រុមហ៊ុនរតនសម្បត្តិវិញ តែខាងក្រុមហ៊ុន គឹម កៅ មិនបានអនុវត្តការផ្ទេរនោះទេ ប៉ុន្តែទោះបីជាយ៉ាងណានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ខ្លួនបានចុះកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនគឹម កៅ ក្នុងការបង្វិលប្រាក់ចំនួន៣លាន៥សែនដុល្លារ មកអោយក្រុមហ៊ុនជាដើមបណ្ដឹងវិញ តាមរយៈសែកមួយសន្លឹកលេខ ០៥៨៩៦០០ ដោយកំណត់បើក ប្រាក់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែសែកនោះគ្រាន់តែតម្កល់តែប៉ុណ្ណោះ មិនអាចបើកប្រាក់បានទេ ព្រោះមិនមានបោះត្រាក្រុមហ៊ុនរតនសម្បត្តិ។
បន្ទាប់មកខ្លួនបានប្ដឹងមកតុលាការសុំដីការក្សាការពារ ដើម្បីកុំអោយភាគីក្រុមហ៊ុនជាដើមបណ្ដឹងយកសែកនោះទៅបើកប្រាក់។ ប៉ុន្តែខ្លួនមិនបានប្ដឹងសុំរំលាយកិច្ចព្រមព្រៀង និងសែកមួយសន្លឹកមានតម្លៃ១លានដុល្លារនោះទេ ក្រោយមកក្រុមហ៊ុន គឹម កៅ ក៏យកករណីសែកមកប្ដឹងតែម្ដង។
ទោះបីយ៉ាងណាក្នុងពេលធ្វើសេចក្ដីសន្និដ្ឋាន លោកស្រីតំណាងអយ្យការ បានគូសបញ្ជាក់ថា ការឆ្លើយដោះសាររបស់ជនត្រូវចោទគ្រាន់តែជាចេតនាគេចវេសមិនទទួលខុសត្រូវលើអំពើល្មើសរបស់ខ្លួនប៉ុណ្ណោះ ជាការពិតជនត្រូវចោទមានចេតនាប្រព្រឹត្តការចេញ មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ដែលច្បាប់កំណត់អោយផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា២៣១ នៃក្រមព្រហ្មទណ្ឌស្ដីអំពីមិនបំពេញកតព្វកិច្ច ចំពោះឧបករណ៏ដែលអាច ជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។
ក្រោយបញ្ចប់សវនាការ និងសំណូមពររបស់ជនជាប់ចោទដែលស្នើអោយតុលាការ ទំលាក់ចោលបទចោទប្រកាន់នេះ ចៅក្រមជំនុំជំរះបានសម្រេចលើកយករឿងក្ដីនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី ៣០ មករា ឆ្នាំ២០១៨ខាងមុខ ។
សូមបញ្ជាក់ថា ឧកញ៉ា ជួប ច័ន្ទ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក លីវ វុទ្ធី តំណាងឲ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ ថាបានចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន១លានដុល្លារអាមេរិក កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥៕