(ភ្នំពេញ)៖ តារាចម្រៀងល្បីៗ ចំនួន៤ដួងរបស់ប្រទេសកម្ពុជា មានដូចជា កញ្ញា រ៉េត ស៊ូហ្សាណា, លោក រ៉ូលីន, លោក Shutter និងនាយព្រែក បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះ ព្រឹត្តិការណ៍ «Pool Party» ដែលជាកម្មវិធីលំដាប់ពិភពលោក ដែលត្រូវធ្វើឡើង នៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្ត 3G Square នៅទល់មុខស្ថានទូតអូស្រ្តាលី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។
តារាចម្រៀង កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងវ័យក្មេង ក្នុងផលិតកម្មហង្សមាស បានក្លាយជាតួឯកធំមួយ នៅក្នុងកម្មវិធីដែលជាកម្មវិធី ចម្លងពីបរទេសមួយនេះ ដោយនាងបញ្ជាក់ថា នឹងមានបទញាក់ច្រើនបទ ដើម្បីកញ្ជ្រោលកម្មវិធី ឲ្យកាន់តែកងរំពង។
ងាកមកលោក រ៉ូលីន,លោក Shutter ម្ចាស់បទ «អតីត» និងនាយព្រែក ក៏ត្រូវបានអះអាងថា នឹងបង្ហាញវត្តមាន ខណៈដែលអ្នកទាំង៣ ក្រៅពីប្រកាសយកបទល្បីៗរបស់ខ្លួន បង្អួតភ្នែកអ្នកចូលរួមហើយនោះ ក៏ត្រៀមធ្វើពីធីករ និងកំប្លុកកំប្លែង ឲ្យសប្បាយដល់ចប់។ តារាទាំង៣ រូបនេះ និយាយថា ពួកគេ នឹងត្រៀមខ្លួនលេងពពុះសាប៊ូ លេងបាញ់ទឹក និងរាំកម្សាន្តអោយអស់ដៃរៀងខ្លួន ដើម្បីអបអរកម្មវិធី Pool Party ដ៏ធំដែលត្រូវបានលេចឡើង នៅក្នុងប្រទេសកម្ពុជានាពេលនេះ។ កម្មវិធីដែលនឹងលេចឡើង នៅថ្ងៃទី១០ មិថុនា នេះ ត្រូវបានប្រកាសថា នឹងមានតារាសិល្បៈចូលរួមដល់រាប់រយនាក់ ដោយគ្រាន់តែសមាសភាពពីគ្រួសារតារាកម្ពុជា គឺមានចំនួនច្រើនរួចទៅហើយ។
ព្រឹត្តិការណ៍ Pool Party ដ៏ធំរបស់ពិភពលោក នឹងត្រូវធ្វើឡើង នៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្ត «3G Square» នៅទល់មុខស្ថានទូតអូស្រ្តាលី ខណៈដែលកម្មវិធីនេះ ក្រៅមានវត្តមានឌីជេ កម្រិតអន្តរជាតិល្បីៗ មកច្រៀងរាំកំដរបរិយាកាស ក៏មានតារាល្បី៤រូប ត្រៀមខ្លួនចូលរួមក្នុងកម្មវិធី ឲ្យកក្រើកផងដែរ។ អ្វីដែលពិសេស ព្រឹត្តិការណ៍ Pool Party ឆ្នាំនេះ បានប្រកាសមិនលក់សំបុត្រនោះទេ ដោយអ្នកចូលទស្សនា មានប្រាក់ត្រឹមតែ១ម៉ឺនរៀល ចំណាយលើភេសជ្ជៈ ដើម្បីរកកន្លែងអង្គុយ ក៏អាចអង្គុយស្ដាប់ភ្លេង រាំលេង ហែលទឹក លេងបាញ់ទឹក និងលេងពពុះសាប៊ូ យ៉ាងរីករាយជាមួយតារាល្បីៗបានដែរ។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រើឈ្មោះថា Pool On the Street Party ដោយអាងទឹកធំៗ ត្រូវបានរៀបចំរហូតដល់៣កន្លែង ក្នុងបរិវេណ 3G Sqare ដើម្បីលេងបាញ់ពពុះសាប៊ូ លេងបាញ់ទឹក និងរាំកម្សាន្ត៕