(កំពង់ចាម)៖ កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានប្រកាសដង្ហែតាមការអំពាវនាវរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នាពេលខាងមុខដ៏ខ្លីនេះ ពោលពួកគេមិនបានខ្វាយខ្វល់តាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមអតីតបក្សប្រឆាំងនោះឡើយ។
បងប្អូនកម្មករ កម្មការិនី ពួកគេបានមើលឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររយៈពេល៥ឆ្នាំម្តងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ក្នុងការជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសជាតិ ធ្វើឲ្យជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។ ជាពិសេសពួកគាត់ចង់បានមេដឹកនាំ ដែលប្រឹងប្រែងរកការងារជូនប្រជាពលរដ្ឋធ្វើដូចជារោងចក្រ សហគ្រាសឲ្យកាន់តែច្រើន។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរតាមរយៈព្រះរាជសារទើបចេញផ្សាយនាពេលថ្មីៗបានមានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ដើម្បីគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពាក់ព័ន្ធព្រះរាជបន្ទូលអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ជនណាដែលព្យាយាមរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ជាពិសេសក្រុមទណ្ឌិត សម រង្ស៊ី នោះ គឺជាការប្រឆាំងជាមួយជាមួយព្រះមហាក្សត្រតែម្តង មិនមែនជាការប្រឆាំងជាមួយរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ឬគណបក្សដែលបានចូលរួមបោះឆ្នោតនោះឡើយ៕