(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានចេញប្រកាសមួយ ស្តីពីការទទួលស្គាល់ភ្នាក់ងារ រក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។
យោងតាមប្រកាស ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ប្រកាសនេះមានគោលបំណង ធានានូវការអនុវត្តរបស់ភ្នាក់ងាររក្សាសុវត្ថិភាព តាមរយៈការបង្កើតឲ្យមាននូវយន្តការប្រតិបត្តិការ និងការពារផលប្រយោជន៍របស់វិនិយោគិន ការរៀបចំឲ្យមានរចនាសម្ព័ន្ធច្បាស់លាស់ ក្នុងការទទួលខុសត្រូវដើម្បីធានាឲ្យមានការផ្តល់សេវារបស់ភ្នាក់ងារនេះ ទទួលបានប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានេះ ប្រកាសនេះ មានវិសាលភាពអនុវត្តន៍ ចំពោះភ្នាក់ងាររក្សាសុវត្ថិភាព ដែលទទួលស្គាល់ពី គ.ម.ក ឲ្យធ្វើប្រតិបត្តិកាផ្តល់សេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រនៅកម្ពុជា៕