(ភ្នំពេញ)៖ កម្ពុជា-ថៃ បានបន្ដឯកភាពគ្នាពន្លឿននីតិវិធី ដើម្បីបើកឲ្យដំណើរការជាផ្លូវការ នូវច្រកទ្វារព្រំដែនអន្ដរជាតិថ្មីទាំង៣ ក្រោយរាជរដ្ឋាភិបាលប្រទេសទាំង២ បានសម្រេចបង្កើតច្រកទ្វារទាំង៣នេះ កាលពីឆ្នាំ២០១៧កន្លងទៅ។
នេះបើតាមការឲ្យដឹងពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្ដែងការគួរសម រវាងលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក បញ្ញយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថ្មីរបស់ថៃ ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា «ឯកឧត្តម ទេសរដ្ឋមន្ដ្រី និងឯកឧត្តម អគ្គរដ្ឋទូត ពិភាក្សាគ្នាអំពីការជំរុញលើការអនុវត្ត ព្រោះជាគោលការណ៍ មានការសម្រេចរបស់រាជរដ្ឋាភិបាលទាំង២រួចហើយ ក្នុងការបើកច្រកទ្វារថ្មីនេះ»។
សម្រាប់ច្រកទ្វារអន្ដរជាតិទាំង៣នេះ រួមមាន ច្រកអានសេះ នៅខេត្តព្រះវិហារ, ច្រកថ្មដា នៅខេត្តពោធិ៍សាត់ និងជប់គគីរ នៅខេត្តឧត្តរមានជ័យ ដែលកាលពីឆ្នាំ២០១៧កន្លងទៅ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីចម្រុះ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាដូចហើយថា សម្រេចបើកទ្វារច្រកទាំងអស់នេះ។
ក្នុងជំនួបនៅព្រឹកមិញនេះ ប្រមុខកាទូតកម្ពុជា-ថៃ ក៏បានវាយតម្លៃខ្ពស់ ចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគីផងដែរ ដោយនៅឆ្នាំ២០១៧ បានកើនឡើង ដល់៦.១៦ប៊ីលានដុល្លារ។
ទន្ទឹមនឹងការកើនឡើងនេះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងលោក បញ្ញយ៉ារ៉ាក់ ពុលថាប់ ក៏បានផ្លាស់ប្ដូរយោបល់គ្នាដើម្បីឲ្យមានតុល្យភាព នូវការជួញដូរពាណិជ្ជកម្មនេះផងដែរ ដោយមិនត្រូវមានខុសគ្នាឆ្ងាយពេកនោះទេ នូវការនាំពីកម្ពុជាទៅថៃ និងការនាំចូលពីថៃមកកាន់ប្រទេសកម្ពុជា៕