(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម២៥នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ភូមិតាង៉ៅកណ្តាល សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដោយឃាត់បាន ជនជាតិវៀតណាមចំនួន១០នាក់ ស្រី០១នាក់ និងផ្ទះជួលលេខ១២បេអឺសូន្យ ផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់បានជនជាតិវៀតណាមចំនួន១៥នាក់ ស្រី១១នាក់ ។
ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបានបញ្ជូនជនជាតិវៀតណាមទាំង២៥នាក់នេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី៕