(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារសាមគ្គី និងហាងលក់ទំនិញមួយចំនួនទៀត ក្នុងខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវកាហ្វេ និងទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ។ ដោយប្រតិបត្តិការនេះអនុវត្តន៍នៅថ្ងៃ ពុធ ៨រោច ខែជេស្ឋឆ្នាំច សំរីទ្ឋិស័កពស ២៥៦២ត្រូវនឹងថ្ងៃទី០៦ខែ មិថុនា ឆ្នាំ២០១៨។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ចំពោះការចុះពិនិត្យនាពេលនោះ ក្រុមការងារលោកបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ ទៅលើទំនិញដែលសង្ស័យមានហានិភ័យខ្ពស់ ដូចជា៖ សរសៃមីលឿង ប្រហិតសាច់គោ ជ្រក់ស្ពៃ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ ដោយជាលទ្ឋផល ពុំឃើញមានសារធាតុគីមីហាមឃាត់ទេ ហើយក៏បានធ្វើការណែនាំដល់អាជីវករអោយយល់ដឹងអំពីសុវត្ថិភាពចំណីអាហារផងដែរ។
លោក គង់ វុទ្ធី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជារបស់ថ្នាក់លើក ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះ គឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ។
ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារ ធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ៕