ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា! ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្នើឲ្យមជ្ឈដ្ឋានទាំងអស់ រួមគ្នាបំបាត់ការបំពុលដោយកាកសំណល់ សំរាម និងប្លាស្ទិក
06-06-2018 14:26
(មណ្ឌលគិរី)៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានរួមគ្នាធ្វើយុទ្ធនាការបំបាត់ការបំពុលសំរាម ប្លាស្ទិក ដើម្បីសុខមាលភាពពលរដ្ឋទាំងអស់គ្នា ដែលសកម្មភាពនេះ មន្ទីរបរិស្ថានខេត្ត និងមន្រ្តីសាលាក្រុងរួមទាំងប្រជាពលរដ្ឋប្រមាណ៧០នាក់ ធ្វើការបោសសំអាត ក្នុងក្រុងសែនមនោរម្យ និងតាមទីសាធារណៈផ្សេងៗទៀត។
នៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទិក» លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងថា ដើម្បីធ្វើឲ្យសោភ័ណ្ឌភាពផ្ទាល់ខ្លួន ឬទីសាធារណៈស្រស់ស្អាត ទៅបានគឺផ្តើមចេញពីយើងគ្រប់ៗគ្នា។
លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិក អាចបង្កឲ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងទឹក ជាពិសេសកុំដុតថង់ប្លាស្ទីក ដែលធ្វើឲ្យប៉ះពាល់ស្រទាប់អូស្សូន និងបំពុលបរិយាកាស។
ជាមួយគ្នានេះលោក កែវ សុភគ៌ បានលើកឡើងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនេះ ក៏ធ្វើឡើងក្នុងន័យដើម្បីជាការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយារបស់មនុស្ស ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទីក គឺជារឿងចាំបាច់។
លោកបន្តថា ការបំពុលដោយសំណល់ឬ ប្លាស្ទិកនឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះ កំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ភពផែនដីរបស់យើង។
លោកក៏បានជំរុញឲ្យមន្រ្តីមន្ទីរផងខ្លួន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជួយបំផុសចលនាមហាជន ឲ្យរៀបចំព្រឹត្តិការដ៍សំខាន់នេះ គ្រប់ទីតាំងនានាទូទាំងខេត្ត ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់បរិស្ថាន និងស្នើគ្រប់មជ្ឈដ្ឋានទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នា បំបាត់ការបំពុលដោយកាកសំណល់ សម្រាម ឬប្លាស្ទិក ដើម្បីសោភ័ណ្ឌភាពនិងសុខភាពយើងទាំងអស់គ្នា៕