(ភ្នំពេញ)៖ សម្រាប់និស្សិតដែលកំពុងសិក្សា និងសាធារណជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬអ្នកមានការងារហើយតែចង់ផ្លាស់ប្តូរ ការងារ សូមត្រៀម CV ឱ្យបានរួចរាល់ព្រោះប្រាសាក់ នឹងចាប់ផ្ដើមយុទ្ធនាការជ្រើសរើស បុគ្គលិកសម្រាប់មុខតំណែងយ៉ាងច្រើន ក្នុងកម្មវិធីពិព័រណ៍ការងារលើកទី១ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ឆាប់ៗនេះ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នៅក្នុងកម្មវិធីនេះ បេក្ខជនទាំងអស់អាចដាក់ពាក្យ និងធ្វើបទសម្ភាសន៍ និងទទួលបានការប្រឹក្សាអំពីអាជីពការងារ ជាមួយក្រុមការងារជ្រើសរើសបុគ្គលិករបស់ប្រាសាក់ បានភ្លាមៗ ដោយមិនបាច់រង់ចាំយូរ។
អ្នកស្រី ឈន សុគន្ធា នាយិកានាយកដ្ឋានបុគ្គលិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានឱ្យដឹងថា ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងមានកិត្យានុភាពនៅកម្ពុជា គឺជានិយោជកនៃជម្រើសសម្រាប់ភាពរីកចម្រើនអាជីព ការងាររបស់បុគ្គលិកដោយប្រាសាក់ បានវិនិយោគយ៉ាងច្រើន ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក បង្កើតបរិយាកាសការងារល្អ និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន។ ជារៀងរាល់ឆ្នាំ យើងតែងតែបើកឱកាស ទទួលយកនិស្សិត ដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាជានិស្សិត បម្រើការងារស្ម័គ្រចិត្ត និងបុគ្គលិកពេញសិទ្ធិ ដើម្បីបង្កើតគ្រឹះអាជីពការងារ ពោលគឺទទួលយកបទពិសោធន៍ ជាក់ស្តែងពីការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
អ្នកស្រីបានបន្តថា «ស្ថាប័នយើងជាកន្លែងការងារដែលមានភាពរស់រវើក រួសរាយរាក់ទាក់ និងភាពសប្បាយរីករាយដោយមានផ្តល់ នូវឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍជាច្រើនដល់បុគ្គលិកគ្រប់កម្រិត។ យើងលើកកម្ពស់វប្បធម៌នៃការរួបបញ្ចូលគ្នា ភាពចម្រុះ ការមិនរើសអើង និងបរិយាកាសល្អនៅក្នុងការអនុវត្តការងារ ពីព្រោះយើងជឿជាក់យ៉ាងមុតមាំថា បុគ្គលិក គឺជាធនធានដ៏សំខាន់បំផុតរបស់យើង»។
អ្នកស្រី សុគន្ធា បានបន្ថែមទៀតថា «ក្រៅតែពីកត្តាទាំងពីរខាងលើ គឺបរិយាកាសការងារល្អ និងឱកាសអភិវឌ្ឍការងារ យើងក៏ផ្តល់នូវអត្ថ ប្រយោជន៍ជាច្រើនទៀតដល់បុគ្គលិក រួមមាន អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ»។
ដូច្នេះ នៅរង់ចាំអីទៀត? សូមត្រៀម CV ដោយទាញយកទម្រង់ស្នើសុំបម្រើការងារ តាមរយៈ https://www.prasac.com.kh/kh/careers/online-application-form ដើម្បីជួបសម្ភាសន៍ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គួរបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០១៨ ប្រាសាក់មានបុគ្គលិកសរុបច្រើនជាង៧០០០នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន កំពុងប្រតិបត្តិការទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.prasac.com.kh/careers៕