(កំពង់ចាម)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) និង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី ចុះហត្តលេខារវាងក្រុមហ៊ុនអេមរុយ៍រ៉ាយរបស់លោកឱកញ៉ា សុង សារ៉ន និងសហគមន៍កសិកម្មចំនួន៤ ដែលមានសមាជិកសរុបចំនួន៦៧២នាក់ ហើយមានផ្ទៃដីដាំដុះមានចំនួន ១៣៧៧ហិកតា និងទិន្នផលស្រូវទទួលបាន៦៣០០តោន។
មកដល់បច្ចុប្បន្ន ក្នុងខេត្តកំពង់ចាម មានសហគមន៍កសិកម្មសរុបចំនួន២៧ មានសមាជិកសរុបចំនួន២៥៣៨នាក់។ សហគមន៍មានមុខរបរដូចជា ការផ្តល់ឥណទាន ផ្គត់ផ្គង់ ពូជ ជី ចំនីសត្វ ដាំដំណាំ។ល។
ក្នុងឱកាសនោះដែរ លោម កៅ ថាច បានចូលរួមត្រេកអរ និងសារទរចំពោះការចុះកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុន និងសហគមន៍នៅថ្ងៃនេះ ហើយលោកជំរុញឲ្យមានការសហការ តាមរយៈកិច្ចសន្យានេះ ឲ្យបានកាន់តែទូលំទូលាយច្រើនទៀត។
លោក កៅ ថាច បានបញ្ជាក់ថា ការចុះហត្ថលេខានេះ នឹងនាំមកនូវប្រយោជន៍ដល់ភាគីទាំងសងខាងរវាងអ្នកផលិត ផ្គត់ផ្គង និងអ្នកទទួលទិញ។ ម្យ៉ាងទៀតដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលលើវិស័យកសិកម្ម ធនាគារអភិវឌ្ឍន៍ជនបទ បាន និងកំពុងបន្តបេសកកម្មធ្វើការតភ្ជាប់រវាងសហគមន៍កសិកម្ម ទៅអ្នកទទួលទិញ ទៅនឹងទីផ្សារ។
លោកបន្តថា ទន្ទឹមនេះរាជរដ្ឋាភិបាលបានបន្តទំលាក់ នូវឥណទានជាបន្តបន្ទាប់ តាមរយៈធនាគារអភិវឌ្ឍន៍ទប ដោយកំណត់អត្រាការប្រាក់ទាប ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់កសិករ និងសហគមន៍កសិកម្ម។
លោកអគ្គនាយកបន្តស្នើសុំដល់សហគមន៍កសិកម្មទាំងអស់ ត្រូវរៀបចំផែនការអាជីវកម្មរបស់ខ្លួន ឲ្យបានច្បាស់លាស់ ហើយធនាគារអភិវឌ្ឍន៍ជនបទរីករាយ នឹងសហការណ៍ជាមួយសហគមន៍ កសិកម្មទាំងអស់មិនថា នៅក្នុងតំបន់នេះ ឬតំបន់ណាឡើយ ក្នុងការទំលាក់ឥណទាន ជូនដោយអត្រាការប្រាក់សមរម្យ ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គមជនបទ៕