(កំពង់ធំ)៖ ស្ត្រីមេម៉ាយគ្រួសារយុទ្ធជនពលី ដែលរងគ្រោះដោយសារអគ្គិភ័យលេបត្របាក់លំនៅដ្ឋាន ទទួលបានគ្រឿងឈើសម្រាប់សាងសង់ផ្ទះមួយខ្នងថ្មី ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា លោកស្រី ហែម សាវ៉ុន មានកូននៅក្នុងបន្ទុក ចំនួន៦នាក់ បច្ចុប្បន្នរស់នៅ ភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ការប្រគល់ឈើសង់ផ្ទះនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការីនាំយកគ្រឿងឈើ និងសម្ភារៈសម្រាប់សាងសង់ផ្ទះជូនលោកស្រី ហែម សាវ៉ុន គ្រួសារយុទ្ធជនពលីឈ្មោះ ជាប ហុកគៀន អតីតមេបញ្ជាការរងវរសនាតូចលេខ៦ នៃយោធាខេត្តកំពង់ធំ ក្នុងសម័យរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីពេលកន្លងមកថ្មីៗនេះ។
អាជ្ញាធរដែនដី ប្រជាជន និងក្រុមគ្រួសារយុទ្ធជនពលីឈ្មោះ ជាប ហុកគៀន មានសេចក្តីត្រេកអរជាខ្លាំង និងសូមគោរពថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស គឺអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ៕