(កំពង់ចាម)៖ ថ្លែងចេញពីទឹកដីស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា សមិទ្ធផល និងអ្វីៗដែលកម្មករកំពុងទទួលបាននាពេលបច្ចុប្បន្ននេះ មិនមែនបានមកពីបាតដៃរបស់បក្សប្រឆាំង ដែលត្រូវបានរំលាយព្រោះទង្វើក្បត់ជាតិនោះទេ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញ ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «មុននេះមានពួកប្រឆាំង ឬហៅថាគណបក្សប្រឆាំង តែងនិយាយថាការតំឡើងបៀរវត្សរបស់កម្មករ កម្មការិនីគឺបានមកពីការទាមទាររបស់គេ ប៉ុនតែអីឡូវគណបក្សប្រឆាំងបានស្លាប់ទៅហើយតៀបៀរវត្សវានៅកើនទៀតទេ គឺវានៅតែកើនហ្នឹង [.....] អញ្ចឹងមានន័យថា តាំងពីដើមរៀងរហូតមកបៀរវត្សមិនមែន កើនដោយសារការទាមទាររបស់ពួកប្រឆាំងទេ គឺបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ចំណុចដែលក្មួយៗបានឃើញ ហើយថាការបង្កើតឱ្យមានរោងចក្រ សហគ្រាស នៅគ្រប់ទីកន្លែង ដែលបានជួយ ដោះស្រាយការងារឱ្យក្មួយៗ បានធ្វើគ្រប់គ្នា គឺគ្មានអ្នកណា ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលនោះទេ។ នៅពេលដែលគេចោទសួរទៅគណបក្សប្រឆាំង ថាហេតុអ្វីបានជាអ្នកឯងមិនកសាងនេះ មិនកសាងនោះ ក្រុមនេះបែរជាឆ្លើយថា គេមិនទាន់បានកាន់អំណាច ក៏ប៉ុន្តែបែរជាគេមកអះអាងថា ពួកគេជាអ្នកខិតខំតំឡើងប្រាក់បៀរវត្សឱ្យកម្មករ-កម្មការិនី តាមរយៈការទាមទាររបស់ពួកគេទៅវិញ។
ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើហេតុអ្វីបានជាគេថា មិនមានភារកិច្ចកសាងផ្លូវថ្នល់ ឬប្រឡាយទឹក និងមិនមានភារកិច្ចសូម្បីតែសាងសង់បង្គន់មួយ សម្រាប់ពលរដ្ឋនោះទេ តែបែរមានគំនិតកេងចំណេញក្នុងចំណោមកម្មកររបស់យើងទៅវិញ ត្រង់ចំណុចនេះក្មួយៗ កាន់តែភ្លឺភ្នែកថាបក្សប្រឆាំងងាប់រលាយទៅជាផេះហើយ ប៉ុន្តែហេតុអីបានជាប្រាក់បៀរវត្សរបស់ម្មករ-កម្មការិនី នៅតែឡើងបូកបន្ថែមជាមួយប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀតដូចជាក្មួយៗ កម្មការិនីដែលបានឆ្លងទន្លេ ដោតទួលបាននូវអត្ថប្រយោជន៍ ទៅលើការឈប់សម្រាក់រយៈពេល៣ខែ ជាមួយនឹងប្រាក់១២០ភាគរយផងដែរ។
ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍បញ្ជាក់ថា នៅលើពិភពលោកនេះ មានតិចណាស់សម្រាប់ស្ត្រីដេលបានឆ្លងទន្លេ ទទួលបាននូវការឈប់សម្រាកដោយមាន ប្រាក់បៀរវត្សបែបនេះនោះ សូម្បីតែប្រទេសជឿនលឿនគេអាចឱ្យឈប់សម្រាក ប៉ុន្តែគ្មានប្រាក់បៀរវត្ស ឬក៏ឈប់សម្រាកតែបានទទួលប្រាក់ប្រៀរវត្សត្រឹមតែ៥០ភាគរយ តែប៉ុណ្ណោះ ឬក៏លើសពីនេះ ប៉ុន្តែឱ្យមាដល់១២០ភាគរយ របៀបនេះប្រហែលមានតិចតួចណាស់នៅលើលោកនេះ។
មិនតែប៉ុណ្ណោះដោយសារតែការយកចិត្តទុកដាក់ទៅលើស្ត្រី ដែលមានផ្ទៃពោះឆ្លងទន្លេ ត្រូវតែទាមទារនូវការគិតគូរជាមួយនឹងអាហារូបត្ថម្ភ ដើម្បីការកាន់បន្ថយអត្រា នៃការស្លាប់របស់មាតា និងទារក ជាមួយនឹងការជំរុញការបង្កើនអាហារូបត្ថម្ភដើម្បីឱ្យការរីកលូតលាស់សុខភាពមាតា និងទារកក្នុងចំណោមកម្មករ កម្មការិនី និងមន្ត្រីរាជការដែលជាស្ត្រីផងដែរ៕