(រតនគិរី)៖ រថយន្ត២គ្រឿង បុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង មិនបណ្តាលឲ្យមនុស្ស និងអ្នកធ្វើដំណើរដទៃរងគ្រោះថ្នាក់ឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៖២០នាទី រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ទល់មុខវរយោធាលេខ១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
មុនពេលកើតហេតុ គេបានឃើញរថយន្តហ្វត បោះពួយយ៉ាងលឿន ដល់ត្រង់ចំណុចកើតហេតុ ក៏បុករថយន្តបាឡែនយ៉ាងពេញទំហឹងបណ្តាល ឲ្យរថយន្តបាឡែនបែក្បាលទៅខាងលិចវិញ ហើយមនុស្សនៅក្នុងរថយន្តមិនមានរបួសនោះទេ។
មន្ត្រីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ្វត ពណ៌ប្រផេះ ពាក់ស្លាកលេខ រដ្ឋ១០ ២.០១៦០ មានឈ្មោះប៉ែន ហេងមានមុខរបរមន្ត្រីមន្ទីរហិរញ្ញវត្ថុខេត្តរតនគិរី ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ បើកបរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណ:ពេលនោះមានរថយន្តបាឡែន បើកបរក្នុងទិសដៅពីលិច មកកើតដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងឆ្លងផ្លូវទៅផ្ទះសំណាក់បានវ៉ាក់នឹងរថយន្តហ្វត១គ្រឿង ក៏បុកពេញទំហឹងតែម្តង។
មន្ត្រីនគរបាលបន្តថា រថយន្តមួយគ្រឿងម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-1446 អ្នកបើកបរឈ្មោះ ម៉ុន ឌីក អាយុ៤៤ឆ្នាំ រងរបួសស្រាល មុខរបរគ្រូបង្រៀន បច្ចុប្បន្នរស់នៅភូមិលេខ៦ ឃុំកំពង់លាវ ស្រុកព្រៃវែង ខេត្តព្រៃវែង។ ចំណែកអ្នករួមដំណើរស្ត្រីម្នាក់រងរបួសស្រាល។
ក្រោយកើតហេតុនគរបាលចរាចរណ៍ខេត្ត ចុះមកអន្តរាគមន៍ធ្វើការវាស់វែង និងរឹបអូសយកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តដើម្បី រង់ចាំធ្វើការដោះនៅពេលក្រោយ។
ប្រភពព័ត៌ពីមន្ត្រីរាជការក្នុងមន្ទីរហិរញ្ញវត្ថុ បានបង្ហើបប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះថា មន្ត្រីខាងលើនេះគាត់ជាមនុស្សញៀនសុរាពោល គឺផឹកស៊ីសឹងរាល់ថ្ងៃទោះបីកន្លែងធ្វើការងារក៏ដោយ៕