(ភ្នំពេញ)៖ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឬស្សីកែវ និងលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីក្រុមការងារជំនាញពាក់ព័ន្ធមួយចំនួន ចុះទៅធ្វើការហាមឃាត់ និងដកហូតយកសម្ភារសំណង់របស់សកលវិទ្យាល័យអន្តរជាតិវើស្ទើនមួយកន្លែង យ៉ាងធំស្កឹមស្កៃ ពេលកំពុងលួចសាងសង់រាប់ខែមកហើយ ទាំងគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ និងមិនតាមលក្ខណៈបច្ចេកទេស។
អាជ្ញាធរបានចេញសេចក្ដីជូនដំណឹងច្រើនលើក ច្រើនសារមកហើយ តែម្ចាស់សំណង់ ឬជាងសំណង់នៅតែមិនព្រមស្ដាប់នោះឡើយ។
ការចុះហាមឃាត់ និងឈានដល់ការដកហូតយកសម្ភារសំណង់យ៉ាងធំស្កឹមស្កៃ នៃសកលវិទ្យាល័យអន្តរជាតិវើស្ទើន ខាងលើនេះ បានធ្វើឡើង នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចជាប់ផ្លូវវិឡាទួលសង្កែ កែងផ្លូវលេខ៥៩៨ ហៅផ្លូវជាសុផារ៉ា ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ក្រោយពីទទួលបានបទបញ្ជាពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងបទដ្ឋានរបស់ស្ថាប័នជំនាញ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
លិខិតបានតម្រូវឲ្យម្ចាស់សំណង់ ឬជាងសំណង់ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ហើយរង់ចាំរហូតទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋាន ទើបអាចបន្តការសាងសង់តទៅទៀតបាន។
លោក ស៊ូ សារ៉ាត់ និងលោក លឹម សាម៉ឺឌី បានបញ្ជាក់ថា មុនឈានដល់ការចុះហាមឃាត់ ដកហូតយកសម្ភារសំណង់ របស់សកលវិទ្យាល័យអន្តរជាតិវើស្ទើន មករក្សាទុក រដ្ឋបាលខណ្ឌ បានចេញសេចក្ដីជូនដំណឹងជាច្រើនលើកមកហើយ តែម្ចាស់សំណង់ ឬជាងសំណង់នៅតែមិនព្រមស្ដាប់តាមការណែនាំដដែលជាដដែល។
លោកបន្តថា បើក្នុងករណីម្ចាស់សំណង់ ឬជាងសំណង់នៅតែមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ហើយនៅតែបន្តលួចសាងសង់ ទាំងមិនមានលិខិតអនុញ្ញាត នោះរដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលដកហូតយកសម្ភារ ឧបករណ៍សំណង់មករក្សាទុក ជាបណ្ដោះអាសន្ន ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើង ដោយគ្រោះថ្នាក់ពលកម្ម ការបាក់ស្រុត ដួលរលំសំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នោះលោក-លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ ដាច់ខាតទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន៕