(ភ្នំពេញ)៖ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ និងកោសរសើរចំពោះការរីកចម្រើន លើការអភិវឌ្ឍន៍វិស័យថាមពល របស់ប្រទេសកម្ពុជា។

ការលើកឡើង និងកោតសសើរពីភាពរីកចម្រើន លើវិស័ថាមពលរបស់កម្ពុជា របស់លោក Panyarak Poolthup ធ្វើឡើងក្នុងឱកាស ដែលលោក​ត្រូវ​បានអនុញ្ញាត ឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងទីស្តីការក្រសួងរ៉ែ និងថាមពល។

ក្នុងឱកាសនោះ លោក ស៊ុយ សែម បានជម្រាបដល់ឯកអគ្គរាជទូតថៃ អំពីស្ថានភាព វិស័យថាមពលអគ្គសនីរបស់កម្ពុជា ដែលពីមុនមានតែការផ្គត់ផ្គង់ថាមពលនៅតាមតំបន់ទីប្រជុំជន ដែលដំណើរការដោយម៉ាស៊ីនតូចៗប៉ុណ្ណោះ ហើយមានពេលវេលាកំណត់ទៀតផង។ ប៉ុន្ដែបច្ចុប្បន្ននេះ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់អគ្គិសនី ជូនប្រជាជន និងបានតភ្ជាប់ថាមពលអគ្គិសនី ចូលភូមិនៅទូទាំងប្រទេសបាន៨៣% សល់១៣%ទៀត នឹងត្រូវតភ្ជាប់ឲ្យរួចរាល់នៅឆ្នាំ២០២០ បើតាមផែនការដែលបានគ្រោងទុក។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងថាមពលប្រទេសថៃ ដែលកន្លងមកមាន កិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងរ៉ែ និងថាមពល ជាពិសេសថៃបានលក់ ថាមពលអគ្គិសនីដោយគ្មានលក្ខខណ្ឌ តាមរយៈខ្សែបញ្ជូនតង់ស្យុង១១៥ គីឡូវ៉ុលមកឲ្យកម្ពុជា ដើម្បីធ្វើការចែកចាយនៅខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ដែលខេត្តទាំងនោះ ពីមុនមានការខ្វះខាតថាមពលអគ្គិសនីស្ទើរទាំងស្រុង។

លោករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាត ឲ្យក្រុមហ៊ុនចំនួន៣ធ្វើការសិក្សា និងទំនាក់ទំនង ជាមួយក្រសួងថាមពល អាជ្ញាធរអគ្គិសនីថៃ ក្នុងការផលិតថាមពល អគ្គិសនីចំនួន ៧២០០មេហ្គាវ៉ាត់ ដើម្បីលក់ទៅឲ្យប្រទេសថៃវិញ។

លោករដ្ឋមន្ត្រីបាន បានស្នើឲ្យឯកអគ្គរាជទូតថៃ ជួយពន្លឿន ទៅខាងក្រសួងការបរទេសថៃ និងភាគីពាក់ព័ន្ធ ដើម្បីដំណើរការអភិវឌ្ឍន៍ ការងារនេះ​បាន​ឆាប់រហ័ស ព្រោះកន្លងមក ភាគីទាំងពីរបានជួបពិភាក្សា ចរចារជាច្រើនលើកតែនៅតែមិនទាន់ បានធ្វើការអភិវឌ្ឍទាញយកផល ប្រេងកាតនៅឡើយ។ លោករដ្ឋមន្រ្ដី ក៏បានស្នើសុំឲ្យថៃ ជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែក ភូគ្ភសាស្ត្រដល់មន្ត្រីកម្ពុជា ទាំងរយៈពេលខ្លី និងរយៈពេលវែង និងការផ្លាស់ប្តូរ
ទស្សនកិច្ចសិក្សា។

លោកឯកអគ្គរដ្ឋទូតថៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវ កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសរវាងក្រសួងថាមពលថៃ និងក្រសួងរ៉ែ និងថាមពលកម្ពុជា និងសូមពាំនាំនូវសំណើរ របស់លោករដ្ឋមន្ត្រី ដើម្បីជម្រាបជូនទៅក្រសួងការបរទេសថៃ និងភាគីពាក់ព័ន្ធ ជួយសម្របសម្រួល ដើម្បីទទួលបានកិច្ចសហប្រតិបត្តិការល្អ៕