(ភ្នំពេញ)៖ ដោយសំដៅទៅកាន់គណបក្សយុវជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សកាន់អំណាច បានរិះគន់ដល់គោលនយោបាយ ដាក់ចេញដោយប្រធានវ័យក្មេងរបស់បក្សនេះ ដែលថានឹងដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញឱ្យអស់ពីកម្ពុជា ដោយប្រើពេលត្រឹម៨ម៉ោង នៅពេលដែលគណបក្សយុវជនឈ្នះឆ្នោត ឡើងកាន់អំណាច។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក ការដាក់ចេញនូវគោលនយោបាយបែបនេះ គ្រាន់តែធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ ភូតភរអ្នកគាំទ្រប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តជាក់ស្តែង ដូចអ្វីដែលគណបក្សនេះ សន្យារជាមួយប្រជាពលរដ្ឋ នៅមុនការបោះឆ្នោតនៅឡើយ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស ចំនួន៨ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យន្តការរបស់ពួកបក្សភូតភរ គេបើកស្អែកក៏បានដែរ រហូតមានអ្នកខ្លះគេថា គេប្រើពេល៨ថ្ងៃ ដើម្បីដេញអន្តោប្រវេសន៍ចេញពីស្រុកខ្មែរ។ ខ្ញុំថាស្លាប់ហើយ ៨ម៉ោង អញ្ចឹងវាទាល់តែ យកកាំភ្លើងទៅបាញ់សម្លាប់ទាំងអស់ ប៉ុន្តែបើមានកាំភ្លើងសម្លាប់ ក៏មិនអាចសម្លាប់អស់ក្នុងរយៈពេល៨ម៉ោងដែរ»។
សម្តេចបានប្រៀបគោលនយោបាយនេះ ទៅនឹងគោលនយោបាយលោតផ្លោះរបស់ប៉ុលពត។ សម្តេចបានបន្តទៀតថា «កុំនិយាយរឿងជ្រុលនិយមបែបនេះ ជាគំនិតវិទ្យាបែបប៉ុលពត មិនអាចទៅរួចទេ ប្រជាពលរដ្ឋខ្មែរ២លាននាក់ សម្លាប់ប្រជាជនវៀតណាមឱ្យអស់៦០លាននាក់ ធ្វើដូចជាស្រួលពេកវៀតណាមគេគ្មានដៃឬ?»។
សូមបញ្ជាក់ថា ក្នុងវេទិកាតុមូលស្តីពីការបង្ហាញគោលនយោបាយបក្ស ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងនូវគោលនយោបាយអាទិភាពមួយចំនួនរបស់ខ្លួន។ សម្រាប់បញ្ហាជនអន្តោប្រវេសន៍វិញ លោក ពេជ្រ ស្រស់ បានលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយបក្សរបស់លោកនឹងប្រើពេលតែ ៨ម៉ោងប៉ុណ្ណោះ ក្នុងការដេញជនអន្តោប្រវេសន៍ខុសច្បាប់ចែញពីក្នុងប្រទេសកម្ពុជា។
មានការចោទសួរថា រយៈពេល៨ម៉ោងនេះរៀបចំតែឯកសារមិនទាន់ តើប្រធានបក្សរូបនេះដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាយ៉ាងដូច្នេះ? លោក ពេជ្រ ស្រស់ អះអាងថា ជនអន្តោប្រវេសន៍ខុសច្បាប់គ្មានច្បាប់ឯកសារនោះទេ ដូច្នេះមិនចាំបាច់កសាងឯកសារដើម្បីបញ្ជូនចេញនោះឡើយ ពោលអ្នកមកតានយន្តហោះចេញទៅវិញតាមយន្តហោះ អ្នកមកតាមទូកត្រូវទៅវិញតាមទូក៕