(ភ្នំពេញ)៖ កម្មករសំណង់វ័យក្មេងម្នាក់ បានធ្លាក់ពីលើសំណង់អគារមួយកន្លែង បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូន ទាំងនៅកំព្រាវ័យក្មេង យ៉ាងអណោចអធ័ម។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់អគារ កំពស់៦ជាន់ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ចិត្ត អាយុជាង២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានទីកន្លែងកំណើត នៅភូមិបាក់ព្រី ឃុំបឹងដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
សមត្ថកិច្ច បានបន្ដថា ក្រោយពេលកើតហេតុ រថយន្តសង្រ្គោះរបស់កងពលតូចលេខ៧០ នៃអង្គភាព៧១១ បានមកពិនិត្យជនរងគ្រោះឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ ក្រុមសង្រ្គោះបានត្រឡប់ ក្រោយព្រោះមិនអាចសង្គ្រោះ មនុស្សដែលស្លាប់បានឡើយ។ ក្រោយមកម្ចាស់ការដ្ឋាន និងមេកាបានដឹកសព ជនរងគ្រោះចេញពីការដ្ឋានស្ងាត់ៗ ដោយមិន បានរាយការណ៍ទៅកាន់សមត្ថកិច្ចឡើយ៕
d