Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក RDB ស្នើឲ្យសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋាន ក្នុងស្រុកជើងព្រៃ រៀបចំផែនការអាជីវកម្មឲ្យច្បាស់លាស់

06-06-2018 11:56

(កំពង់ចាម)៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយតំណាងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានចំនួន២០៩គ្រួសារ ដែលមានផ្ទៃដីដាំដុះជាង៧៧០ហិចតា នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានស្នើទៅដល់សមាជិកសហគមន៍ ត្រូវមានការរៀបចំផែនការអាជីវកម្ម ឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការចំណាយទៅលើអ្វីមួយ។

ពិធីជួបសំណេះសំណាលខាងលើនេះ បានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ មុននឹងលោក កៅ ថាច អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីចុះហត្តលេខារវាងក្រុមហ៊ុនអេមរុយ៍រ៉ាយ និងសហគមន៍កសិកម្មចំនួន៤ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។ ពិធីនោះក៏មានការចូលរួមពី លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរាយ៍ និងតំណាងធនាគារពិភពលោក។

បន្ទាប់ពីស្តាប់ផលវិបាក និងសំណូមពរ ដែលសហគមន៍បានលើកឡើង លោក កៅ ថាច បានស្នើសុំឲ្យសហគមន៍ រៀបចំឲ្យមានផែនការអាជីវកម្ម ឲ្យច្បាស់ពាក់ព័ន្ធនឹងការចំណាយផ្សេងៗ លើពូជ ជី អាត្រាកទ័រ និងអំពីការផ្តល់ឥណទានដល់សមាជិក -ល- ឲ្យបានច្បាស់ជាមុនសិន។

ជាមួយគ្នានោះ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ផងដែរថា ធនាគារអភិវឌ្ឍន៍ជនបទ រីករាយសហការក្នុងការផ្តល់ឥណទានជូន ដោយអត្រាការប្រាក់សមរម្យជូន៕