(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបតូបអាជីវករនៅផ្សារធំថ្មីចំនួន៣តូប ដែលបានដាក់លក់ និងចែកចាយបារី 555 ក្លែងក្លាយ ដោយក្នុងប្រតិបត្តិការនោះសមត្ថកិច្ចដកហូតបារី 555 បានជាង១,០០០សុង ខណៈម្ចាស់តូបត្រូវបញ្ជូនទៅសួរនាំតាមនីតិវិធីច្បាប់។
មន្ត្រីនគរបាលបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងត្រូវបានដឹកនាំដោយផ្ទាល់ពីលោកឧត្តមសនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ហើយក៏មានការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
មន្ត្រីដដែលបានបន្តថា ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុន British American Tobacco ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខលើបារី 555 នៅប្រទេសកម្ពុជារួចមក កម្លាំងសមត្ថកិច្ចក៏បានសហការស្រាវជ្រាវលើករណីនេះ រហូតឈានដល់ការបង្ក្រាបនៅថ្ងៃទី៦ ខែមិថុនាតែម្ដង។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យក្នុងតូបចំនួន៣ ក្នុងនោះតូបលក់បារីលេខ001, លេខ002 និងតូបគ្មានលេខជាប់គ្នាក្នុងផ្សារធំថ្មី ដកហូតបានបារី 555 ក្លែងក្លាយសរុបចំនួន ៣២សុង និងបានបន្តទៅឆែកឆេរផ្ទះលេខ28Eo ផ្លូវ១២៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលមានម្ចាស់ឈ្មោះ ឈួន ឆេង អាយុ៤៦ឆ្នាំ ជាម្ចាស់តែមួយជាមួយតូបលេខ001 និងលេខ002 សមត្ថកិច្ចបានរកឃើញបារី 555 ក្លែងក្លាយសរុបចំនួន ១,០២៤សុង និងបានដកហូតវត្ថុតាងទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន ហើយតម្រូវឱ្យម្ចាស់ទីតាំងចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕